នយោបាយ

Full Story៖ សម្ដេចតេជោ បញ្ជាក់ច្បាស់ៗថា បើម៉ាណែត ធ្វើអំពើអាក្រក់ សម្ដេចមិនគាំទ្រ ឲ្យធ្វើបេក្ខភាព នាយករដ្ឋមន្ត្រីទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងច្បាស់ៗថា បើសិនជាលោក ហ៊ុន ម៉ាណែត ធ្វើអំពើអាក្រក់ សម្ដេចនឹងមិនគាំទ្រ ឲ្យធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតនោះទេ ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅថ្ងៃទី២២ កុម្ភៈ សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះសម្ដេច ជានាយករដ្ឋមន្ត្រី នៅមិនយូរប៉ុន្មានទេ ពេលវេលាមកដល់ សម្ដេចនឹងក្លាយទៅជា ឪនាយករដ្ឋមន្ត្រី ហើយសម្ដេច បានដាក់បញ្ញត្តិ សម្រាប់ចៅសម្ដេចថា ២០ឆ្នាំទៀត ត្រូវតែប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ពេលនោះសម្ដេច នឹងក្លាយទៅជាជីតានាយករដ្ឋមន្ត្រី ។

សម្ដេចតេជោបញ្ជាក់ថា «រឿងអីកូនគេធ្វើបាន អ្នកដទៃធ្វើបាន ឯកូនខ្ញុំទទួលបានការបណ្ដុះបណ្ដាល ប៉ុណ្ណឹងដែរធ្វើមិនបាន ប៉ុន្តែខ្ញុំសូមបញ្ជាក់ បើសិនជាកូនខ្ញុំវាធ្វើអំពើអាក្រក់ ខ្ញុំមិនអាចនឹងគាំទ្រ វាបានទេ និយាយឲ្យច្បាស់ ។ ខ្ញុំមិនអាចឲ្យគណបក្សប្រជាជន ត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនទុកឲ្យប្រជាពលរដ្ឋ ត្រូវបំផ្លាញដោយស្នាដៃ កូនរបស់ខ្ញុំទេ» ។

សម្ដេចតេជោបន្តថា សម្រាប់កូនអ្នកដទៃ ទោះកូនបក្សប្រឆាំង សម្ដេចមិនដែលស្ដីបន្ទោស ឬបង្អាប់កូនអ្នកណាមួយទេ មានតែលើកសរសើរ ទោះបីគេវាយប្រហារកូនរបស់សម្ដេច យ៉ាងណាក៏ដោយ ។

សម្ដេចបន្ថែមថា បើវាយប្រហារមកលើសម្ដេច ក៏វាយប្រហារទៅចុះ តែសូមផ្ដាំទៅវិញថា «វាផុតត្រឹមមនុស្ស ដែលគេនិយាយថា អានេះសូម្បីតែកូនក្មេង ក៏វាមិនលើកលែង ភាសានេះខ្មែរ ទទួលយកអត់បានទេ សូមជម្រាបបើអ្នកឯងវាយខុស ខ្ញុំចង់កែតម្រូវអ្នកឯង ប៉ុន្តែបើអ្នកឯងមិនចង់ទេ ខ្ញុំរុញទូកបណ្ដោយទឹក ឲ្យអ្នកឯងធ្វើទៅ» ។

សម្ដេចក៏បានចោទជាសំណួរថា បើកូនរបស់សម្ដេចទទួលបាន ការបណ្ដុះបណ្ដាលដល់ថ្នាក់ប៉ុណ្ណឹងហើយ តើយកមកឲ្យធ្វើមេចោរឬ? អ្នកដទៃ កូនអ្នកដទៃផ្សេង សុទ្ធតែមានសិទ្ធិ ចុះហេតុអ្វីកូនរបស់សម្ដេច ម៉េចក៏គ្មានសិទ្ធិ ។

សម្ដេចមានប្រសាសន៍ថា ឥឡូវពាក្យឃ្លោកលិច អំបែងអណ្ដែត បានក្លាយទៅជាអ្វីទៅហើយ ដែលពីមុនគេហៅសម្ដេចថា ជាអំបែង ។ សម្ដេចក៏បានសួរបញ្ជាក់ទៅពួកប្រឆាំងថា សម្ដេចកាន់អំណាច៤៣ឆ្នាំ តើសម្ដេចជាឃ្លោក ឬជាអំបែងពេលនេះ ។ សម្ដេចថា ចង់អ្នកឯងហៅឃ្លោកក៏បាន អំបែងក៏បាន ។

សម្រាប់មនុស្សចំនួន ដែលចោទប្រកាន់ប្រពន្ធកូនសម្តេច ជាប្រពន្ធកូនមេដឹកនាំវៀតណាមនោះ សម្ដេចសង្កត់ធ្ងន់ថា «អ្នកឯងចោទប្រពន្ធខ្ញុំថា ជាប្រពន្ធមេដឹកនាំវៀតណាម កូនខ្ញុំថា ជាកូនមេដឹកនាំវៀតណាម បើខ្ញុំមិនប្រតិកម្ម ខ្ញុំមិនមែនជាមនុស្សទេ ចឹងបានខ្ញុំប្រាប់មេដឹកនាំ ប្រទេសមួយចំនួនថា ខ្ញុំអត់ទទួលយកបានទេអាហ្នឹង រឿងចង់ទៅជាស្អីក៏ទៅៗ តែរឿងកន្លែងហ្នឹងមួយបើអ្នកឯងមិនធ្វើ អ្នកឯងមិនប៉ះប៉ូវឲ្យខ្ញុំ សុំថាទោះបីជាតិក្រោយចាំជាតិ ក៏តែប្រយុទ្ធគ្នានៅពេលនោះ មិនអាចទទួលយកការ ប្រមាថបែបនេះបានទេ» ។

សម្ដេចលើកឡើងថា ដូច្នេះសូមឲ្យមិត្តភ័ក្ដិបរទេស ទាំងឡាយត្រូវយល់ គឺសម្ដេចមិនយល់ព្រមជាមួយនឹង ការប្រមាថបែបនេះឡើយ ។ សម្ដេចថា សម្ដេចអាចហៅខ្មែរក្រហម ចូលមកហូបបាយនៅផ្ទះសម្ដេច តែមិនអាច ទទួលយកពួកប្រមាថធន់នេះទេ ។ សម្ដេចបញ្ជាក់ថា «បើចង់ធ្វើសកម្មភាពយោធាឡើងវិញ ក៏ខ្ញុំហ៊ានធ្វើ ព្រោះរឿងនេះមិនជារឿងធម្មតាពេកទេ» ។

សម្ដេចគូសបញ្ជាក់ថា «អ្នកណាក៏ដោយ ខ្មែរក៏ដោយបរទេសក៏ដោយ សុំកុំមកនិយាយជាមួយខ្ញុំ ចលនាឲ្យខ្ញុំបង្រួបបង្រួម ជាមួយអាក្រុមប្រមាថ ប្រពន្ធនិងកូនរបស់ខ្ញុំឲ្យសោះ ហើយបើនិយាយដល់កន្លែងហ្នឹងហើយ ខ្ញុំមានតែអរគុណដែលខ្ញុំបានស្ដាប់ រួចហើគោរពលាគ្នាប៉ុណ្ណឹង…យើងជាឳពុក យើងជាប្ដីយើងមិនអាច ទទួលការប្រមាថថា ប្រពន្ធ និងកូនយើង ជាប្រពន្ធកូនអ្នកដទៃ ហើយជាជាតិសាសន៍ដទៃទៀត ចឹងខ្ញុំនឹងអន់ជាងតិរច្ឆានទៅទៀត បើខ្ញុំសន្ទនាជាមួយមនុស្សបែបនេះ»

To Top