ព័ត៌មានជាតិ

ក្រសួងអប់រំ និងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលពានកោតសរសើរពី សម្ព័ន្ធត្រួតពិនិត្យផលិតផល ថ្នាំជក់អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានពានកោតសរសើរពី សម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់ (SEATCA) ក្នុងនាមជាស្ថាប័នរដ្ឋាភិបាល ដែលអនុវត្តបានល្អការត្រួតពិនិត្យ ផលិតផលថ្នាំជក់នៅកម្ពុជា។

ថ្មីៗនេះ ក្រសួងអប់រំ បានចេញនូវសេចក្ដីណែនាំមួយ ចំពោះអង្គភាពចំណុះក្រសួង និងគ្រឹះស្ថានសិក្សាគ្រប់កំរិតទាំងសាធារណៈ និងឯកជន ដោយហាមឃាត់ការចាប់ដៃគូរ សហការជាមួយឧស្សាហករថ្នាំជក់ ការទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សារណៈយោគយល់គ្នា ជាមួយឧស្សាហករថ្នាំជក់ ការផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍ដែលជាកម្មវិធី របស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាព ប្រើប្រាស់ផលិតផលថ្នាំជក់ តាមគ្រប់រូបភាព។ សេចក្តីណែនាំនេះ ត្រូវបានដាក់ចេញ ក្រោយពីក្រុមហ៊ុនថ្នាំជក់មួយចំនួន បានធ្វើសកម្មភាពឧបត្ថម្ភ ក្នុងគ្រឹះស្ថានសិក្សា ក្នុងគោលបំណងកេងចំណេញ ផ្សព្វផ្សាយឈ្មោះក្រុមហ៊ុន និងផលិតផលរបស់ខ្លួន ដល់សិស្ស និស្សិត។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនជាសេនាធិការ នៅខែមីនា ឆ្នាំ២០២១ បានចេញនូវសេចក្ដីណែនាំ ហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមលើការការហាមឃាត់ ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៤។

ការដាក់ចេញនូវសេចក្តីណែនាំនេះ គឺដើម្បីឆ្លើយតបទៅនឹង ការផ្សព្វផ្សាយលក់ផលិតផល អេចឈ៍ ធី ភី និងបារីអេឡិកត្រូនិក តាមបណ្តាញព័ត៌មានសង្គម។

គួរបញ្ជាក់ថា មិនមែនតែកម្ពុជាទេ ដែលបានទទួលពានកោតសរសើរនេះ។ ជាក់ស្ដែងក្រសួងស្ថាប័ននៃ ប្រទេសសមាជិកអាស៊ានដូចជា ក្រសួងសុខាភិបាលថៃ សិង្ហបុរី និងហ្វីលីពីន និងក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូនេស៊ី ក៏ទទួលបានពានកោតសរសើរនេះផងដែរ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំពិភពលោកត្រូវ ខាតបង់សេដ្ឋកិច្ចប្រមាណជា ១ទ្រីលានដុល្លារអាមេរិក និងមានមនុស្សប្រមាណ ៧លាននាក់ បានស្លាប់ហើយចំនួននេះ នឹងកើនឡើង ១ភាគ៣ដងនៅឆ្នាំ២០៣០ ប្រសិនបើមិនមានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធិភាពទេនោះ។ ក្រឡេកមកប្រទេសកម្ពុជាវិញ ថ្នាំជក់បានសម្លាប់ប្រជាជនប្រមាណ ១៥.០០០,០០នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ គឺស្មើនឹង៣%នៃ GDP របស់កម្ពុជា ៕

To Top