ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ៤៧ ៥០០ដុល្លារអាមេរិក ដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារ

ភ្នំពេញ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ចំនួន ៤៧៥០០ដុល្លារអាមេរិក ជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន ៥៩នាក់ ដែលក្នុងនោះ ចំពោះជនរងគ្រោះចំនួន ៣៦នាក់ ដែលបានស្លាប់ បាត់បង់ជីវិត ក្នុងម្នាក់ៗ ទទួលបាននូវ ព្រះរាជទ្រព្យចំនួន ៤លានរៀល និងអ្នកនៅរស់រាន មានជីវិតចំនួន ២៣នាក់ ដែលកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងម្នាក់ៗទទួល បាននូវព្រះរាជទ្រព្យ ចំនួន ២លានរៀល។

យោងតាមគេហទំព័រហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០បានឲ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជហឫទ័យ សោកស្តាយយ៉ាងជ្រាលជ្រៅ បំផុតចំពោះបងប្អូនកូនចៅ ប្រជានុរាស្រ្ត ដែលទទួលរងគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប និងសូមចូលរួម រំលែកនូវមរណៈទុក្ខ ចំពោះក្រុមគ្រួសារនៃសព ព្រមទាំងសូមជូនពរដល់ បងប្អូនជនរងគ្រោះ ដែលកំពុងសម្រាក ព្យាបាលឲ្យឆាប់ទទួល បានការជាស្បះស្បើយ។

សូមរំលឹកថា ប្រតិបត្តិការ នៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែក នៃអគាររលំ បានប្រើរយៈពេលជិត២ ថ្ងៃ ក្រោមការដឹកនាំបញ្ជារផ្ទាល់ ពិសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

To Top