ព័ត៌មានអន្តរជាតិ

Update: ស្ថានទូតចិន នៅអ៊ុយក្រែន ផ្តល់យន្តហោះជើងហោះហើរពិសេស ឱ្យពលរដ្ឋខ្លួន ៦ ០០០នាក់ បានចាកចេញពីអ៊ុយក្រែន

បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រ (២៥កុម្ភៈ) បាននិយាយថា ជនជាតិចិនអាចចុះឈ្មោះ សម្រាប់ជិះយន្តហោះជើងហោះហើរពិសេស ដើម្បីចាកចេញ ពីប្រទេសអឺរ៉ុបខាងកើតនេះ បន្ទាប់ពីរុស្ស៊ីបានបញ្ចេញ ការវាយប្រហារដ៏ធំបំផុត លើរដ្ឋអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាម លោកលើកទី២មក។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ស្ថានទូត ប្រទេសចិនបាននិយាយថា ការធ្វើដំណើរតាមជើងហោះហើរពិសេស គឺអាស្រ័យលើបុគ្គល ហើយការចុះឈ្មោះនឹងបើករហូតដល់ថ្ងៃទី 27 ខែកុម្ភៈ។

អ្នកនាំពាក្យស្ថានទូតបាននិយាយថា មានជនជាតិចិនចំនួន ៦ ០០០ នាក់នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសសង្រ្គាមលើអ៊ុយក្រែន នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មុនព្រលឹម កាលពីថ្ងៃព្រហស្បតិ៍។ ការផ្ទុះនិងការបាញ់កាំភ្លើង ត្រូវបានឮពេញមួយថ្ងៃ នៅក្នុងរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន និងកន្លែងផ្សេងទៀតនៅក្នុងប្រទេស។

ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងវីដេអូសុន្ទរកថាទៅកាន់ប្រជាជាតិនៅពាក់កណ្តាលអធ្រាត្រថា ប្រជាជនអ៊ុយក្រែនចំនួន ១៣៧ នាក់ ទាំងបុគ្គលិកយោធា និងជនស៊ីវិលត្រូវបានសម្លាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top