ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ថ្ងៃនេះ ធ្វើឱ្យចិនទទួលបានផលចំណេញយ៉ាងខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ច ។
ការលើកឡើងពីសំណាក់ អ្នកស្រាវជ្រាវរូបនេះ បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិច សហភាពអឺរ៉ុប និងប្រទេសអ្នកមានមួយចំនួន បានបន្ថែមទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារលើប្រទេសអ៊ុយក្រែន ក្នុងរយៈពេល២ថ្ងៃនេះ បណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើនរយនាក់។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឥន សុផល បានសរសេរយ៉ាងដូច្នេះថា «ឈ្វេងយល់ពីសភាពការណ៍នៅអឺរ៉ុបថ្ងៃនេះ!
- ពិភពលោកស្មានមិនត្រូវ ថាលោកពូទីន សម្រេចចិត្តធ្វើសង្គ្រាមជាមួយ Ukraine ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរុស្ស៊ីយ៉ាងខ្លាំង ថ្វីដ្បិតតែអឺរ៉ុបមិនអាចរារាំងរុស្ស៊ីបាន ក៏ពិតមែនប៉ុន្តែអាចធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ធ្លាក់ចុះយ៉ាងខ្លាំងពិបាកក្នុងការស្តារឡើងវិញ។
- ធនាគារកណ្តាលអឺរ៉ុប បានបិទការផ្ទេរប្រាក់ចូលក្នុងប្រទេសរុស្ស៊ី គឺជាការបិទផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរបស់រុស្ស៊ី។
- បច្ចុប្បន្នរដ្ឋាភិបាលអង់គ្លេស បានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើក្រុមហ៊ុនចំនួន១២០របស់រុស្ស៊ី ដូចជា៖
- VTB ជាក្រុមហ៊ុនធំបំផុតទី២របស់រុស្ស៊ី ដែលមានតម្លៃទឹកប្រាក់សរុបចំនួន £154billion និងមានបុគ្គលិក៩៥.០០០នាក់។
- Rostec, ជាក្រុមហ៊ុនផលិតអាវុធធំបំផុតរបស់រុស្ស៊ី ដែលនាំចេញក្នុងមួយឆ្នាំៗជាង £13billion និងបង្កើតការងារជាង២លាននាក់។
- ដាក់ទណ្ឌកម្មសាជីវកម្ម Tactical Missile Corporation ដែលជាក្រុមហ៊ុនផ្គត់ផ្គង់មីស៊ីលដែនអាកាសធំបំផុតរបស់រុស្ស៊ី ។
- រោងចក្រផលិតរថក្រោះធំបំផុតទី១នៅលើពិភពលោករបស់រុស្ស៊ី។
- អង់គ្លេសបានអំពាវនាវឱ្យមេដឹកនាំ G7 និងសហភពអឺរ៉ុប រួមគ្នាដាក់ទណ្ឌកម្មទៅលើរបបលោកពូទីនបន្ថែមទៀត។
- បច្ចុប្បន្នអង់គ្លេស ហាមមិនឱ្យយន្តហោះរុស្ស៊ី ចូលមកដែនអាកាសរបស់អង់គ្លេសនោះទេ។
លោក ឥន សុផល បញ្ជាក់ថា «សង្គ្រាមថ្ងៃនេះ ធ្វើឱ្យចិនទទួលបានផលចំណេញយ៉ាងខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ច ថ្វីដ្បិតតែរុស្ស៊ីជាមិត្តដ៏ជិតស្និទ្ធរបស់ចិន ក៏ពិតមែន ប៉ុន្តែមិត្តភាពបង្កប់ទៅដោយល្បិចកលនយោបាយដ៏គ្រោះថ្នាក់»៕