ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យភាគីពាក់ព័ន្ធស្ដារ វិស័យទេសចរណ៍ឡើងវិញ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានណែនាំគ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន ត្រូវបន្ដចូលរួមជំរុញ និងស្ដារវិស័យទេសចរណ៍ឡើងវិញ ដើម្បីសំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្ដរភាព។

តាមរយៈសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា គ្រប់ស្ថាប័នពាក់ព័ន្ធរដ្ឋបាល ថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួម អនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្តដែល បានដាក់ចេញរួមមាន៖ «វិធានសុវត្ថិភាព ទេសចរណ៍» «នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍» ស្របតាមគន្លង ប្រក្រតីភាពថ្មីនិងវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងស្តារនូវទំនុកចិត្ត និងភាពជឿជាក់លើគ្រប់ខ្សែច្រវាក់ ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សម្ដេចតេជោបញ្ជាក់ថា «គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយក ចិត្តទុកដាក់បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការ យុទ្ធសាស្ត្រនានារបស់ រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្ដល់ផ្លែផ្កាចូលរួម ទ្រទ្រង់ដល់ការងើបឡើងវិញនៃ កំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ រួមមាន៖ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ វិធានការ គោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ និងផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង»។

សម្ដេចតេជោបន្ថែមថា គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការ អប់រំសង្គមនិងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត» ឲ្យបានកាន់តែសកម្ម និងផុសផុល សំដៅសម្រេច បានការអភិវឌ្ឍប្រកបដោយភាពស្អាត និងបៃតងនៅក្នុងទីក្រុង និងកម្ពុជាទាំងមូលដើម្បីត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

លើសពីនេះទៀត សម្ដេចតេជោ ក៏បានណែនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ប្រកាន់ខ្ជាប់ការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយ ភាពស្អាត និងអនាម័យ រួមជាមួយការ អនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ៕

To Top