ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យលោកខាងលិច ធ្វើការសម្រេចចិត្ដនយោបាយ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានជំរុញឱ្យប្រទេសលោកខាងលិច ដែលចូលរួមក្នុងកិច្ចចរចា នៅទីក្រុងវីយែន ដើម្បីធ្វើ “ការសម្រេចចិត្តផ្នែកនយោបាយ” ដើម្បីដោះស្រាយជម្លោះជុំវិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។

លោក Khatibzadeh បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម (IRNA) ថា “ឥឡូវនេះយើងស្ថិតក្នុងស្ថានភាពមួយ ដែលកិច្ចពិភាក្សានៅទីក្រុងវីយែន បានឈានដល់ចំណុចនៃការទាមទារ ឱ្យមានការសម្រេចចិត្តខាងនយោបាយដ៏ធ្ងន់ធ្ងរ ដោយសហរដ្ឋអាមេរិក និងលោកខាងលិច” ។

លោកត្រូវបានដកស្រង់សម្តីថា ការសម្រេចចិត្តទាំងនេះ ដែលគួរតែត្រូវបានធ្វើឡើង គឺអំពីការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ដែលដាក់ដោយសហរដ្ឋអាមេរិក និងការផ្តល់នូវការធានាក្នុងរឿងនេះ។

លោកបានបន្ដថា “ប្រសិនបើភាគីម្ខាងទៀតគោរពបន្ទាត់ក្រហម ដ៏សមហេតុផលរបស់អ៊ីរ៉ង់ និងធ្វើការសម្រេចចិត្តផ្នែក នយោបាយទាំងនេះ វាអាចប្រាកដថា យើងនឹងអាចបញ្ចប់កិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោក Khatibzadeh បានបន្ថែមថា អ៊ីរ៉ង់មិនទទួលយកកាលបរិច្ឆេទ កំណត់ណាមួយ សម្រាប់កិច្ចព្រមព្រៀងនោះទេ ខណៈអំពាវនាវឱ្យទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិបញ្ចប់ “ការចោទប្រកាន់នយោបាយ” របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ៕

ប្រែសម្រួលដោយ ឈូក បូរ៉ា

To Top