ព័ត៌មានអន្តរជាតិ

Update: ជំនួយសន្ធឹកសន្ធាប់ លុយរាប់លានដុល្លារ និងយន្តហោះចម្បាំងពីអឺរ៉ុប នឹងហូរចូលអ៊ុយក្រែន តាមរយៈប្រទេសប៉ូឡូញ

បរទេស៖ តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានបង្ហើបថា កញ្ចប់ថវិកាចំនួន 450 លានអឺរ៉ូនៃ “ជំនួយដ៏ធំ” សម្រាប់អ៊ុយក្រែន នឹងរួមបញ្ចូលយន្តហោះចម្បាំង ជាមួយនឹងសព្វាវុធទាំងអស់ ត្រូវបានបញ្ជូនតាមរយៈប្រទេសប៉ូឡូញ។ លោក Borrell ក៏បាននិយាយផងដែរថា ប្រហែលពាក់កណ្តាល នៃទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ី នឹងត្រូវបង្កកផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងប៉ុន្មានម៉ោងបន្ទាប់ពី ប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen បានប្រកាសថា ប្លុកនេះនឹង “ផ្តល់ហិរញ្ញប្បទានដល់ការទិញ និងចែកចាយសព្វាវុធ និងឧបករណ៍ផ្សេងទៀត” សម្រាប់អ៊ុយក្រែន លោក Borrell បានបង្ហាញថា កញ្ចប់ “ជំនួយដ៏ធំ” របស់ EU នឹងមានចំនួន 450 លានអឺរ៉ូ (501 លានដុល្លារ) ។ ជាមួយនឹងទឹកប្រាក់ 50 លានអឺរ៉ូផ្សេងទៀត (55,744 ដុល្លារ) នឹងឆ្ពោះទៅរកជំនួយ ដែលមិនមានគ្រោះថ្នាក់ រួមទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។

លោក Borrell បានប្រាប់អ្នកយកព័ត៌មានថា “ពិតណាស់ យើងនឹងផ្គត់ផ្គង់អាវុធ… យើងថែមទាំងនឹងផ្តល់យន្តហោះចម្បាំង” ។ «យើងមិនគ្រាន់តែនិយាយអំពីគ្រាប់រំសេវទេ»។

លោក Borrell បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្នើសុំយន្តហោះចម្បាំង ដែលអ្នកបើកយន្តហោះអ៊ុយក្រែន អាចប្រតិបត្តិការបាន ហើយយន្តហោះទាំងនោះ អាចត្រូវបានទិញពីប្រទេស EU មួយចំនួន។ កងទ័ពអាកាសអ៊ុយក្រែន ប្រើប្រាស់យន្តហោះចម្បាំង MiG-29 និង Sukhoi Su-24, Su-25, និង Su-27 ដែលរចនាដោយសូវៀត ក្នុងតួនាទីប្រយុទ្ធ ហើយជាមួយនឹង Su-25 ដែលប្រើដោយប៊ុលហ្គារី និង MiG-29 ប្រើដោយប៉ូឡូញ ប៊ុលហ្គារី និង ស្លូវ៉ាគី យន្តហោះទាំងនោះទំនង ជាមានប្រភពមកពីប្រទេសទាំងនេះ។

លោក Borrell បាននិយាយថា ជំនួយយោធានឹងត្រូវបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈប្រទេសប៉ូឡូញ ទោះបីជាលោកមិនបានបញ្ជាក់ថា តើយន្តហោះទាំងនោះនឹងត្រូវហោះហើរ ទៅកាន់ប្រទេសអ៊ុយក្រែន ឬត្រូវបានបើកបរឆ្លងកាត់ព្រំដែនក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top