ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ចប់ធ្វើចត្តាឡីស័ក និងចេញធ្វើការងារ ធម្មតាឡើងវិញ

ភ្នំពេញ ៖ ក្រោយពីបានបំពេញកាត្វកិច្ច ធ្វើចត្តាឡីស័កអស់រយៈពេលប៉ុន្មានថ្ងៃមក ដោយសារតែប៉ះពាល់ ជាមួយអ្នកកើតកូវីដ១៩ នៅថ្ងៃ២៨ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ ខណៈសម្ដេច អវិជ្ជមានកូវីដ-១៩ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ក្រោយពីការធ្វើ តេស្តជាថ្មីម្តងទៀត ខ្ញុំត្រូវបានបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩។ ហេតុដូចនេះ ខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារ ធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួប តែសេចក្តីសុខសេចក្តីចម្រើន»។

សូមរំលឹកថា កាលពីថ្ងៃ២៥ កុម្ភៈ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាប់ផ្ដើមធ្វើចត្តាឡីស័ក ក្រោយពី សម្ដេចតេជោ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ ៕

To Top