កំពង់ចាម ៖ នៅក្នុងឱកាសប្រារព្វពិធីអបអសាទរខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២២ នៅសាលខេត្តកំពង់ចាម នាថ្ងៃទី៤ ខែ មីនាឆ្នាំ ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកឲ្យស្ត្រីទាំងអស់ខិតខំថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍន៍ និងចីរភាពសិទ្ធិរបស់នារី ។
លោកអភិបាលខេត្តបានឲ្យដឹងថា ការឆ្លងកាត់ពីមួយជំនាន់ ទៅមួយជំនាន់ រហូតមកដល់បច្ចុប្បន្ន ដោយសារតែប្រជាជាតិយើងមានសុខសន្តិភាព ទើប រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិ ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត ដើម្បីលើកកម្ពស់ដល់ស្ត្រីភេទ ដូច្នេះស្ត្រីភេទត្រូវយល់ដឹងអំពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន ព្រមទាំងមានការលើកកម្ពស់ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ។
លុបអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីទទួលបានការគាំទ្រ លើកម្ពស់ថែរក្សាសិទ្ធិរបស់ស្ត្រីឲ្យបានយូរអង្វែង តទៅទៀត គឺចាំបាច់ស្ត្រីយើង ត្រូវតែខិតខំចូលរួមការពារសុខសន្តិភាពដែលកំពុងតែមានស្រាប់ ពោលគឺ មានសន្តិភាពគឺមានការអភិវឌ្ឍជាបន្តបន្ទាប់ទៅមុខទៀត។ ផ្ទុយ ទៅវិញប្រសិនបើប្រទេសជាតិមានសង្គ្រាម គ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ស្ត្រីគ្រប់ក្រុមគ្រួសារទាំងអស់ ដែលបាននៅជាប់ជាមួយនឹងបុត្រាបុត្រី ធ្វើយ៉ាងណាជួយផ្ដល់ដំបូន្មាន អប់រំកូនឲ្យបានល្អ ក្នុងនោះកុំឱ្យមានពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀន និងអំពើផ្សេងទៀតដែលសង្គមស្អប់ខ្ពើម និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺបើកបរឲ្យមានការប្រុងប្រយ័ត្នផងដែរ ដើម្បីការពារ កុំឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ខ្លួន៕