បរទេស៖ ប្រភពក្នុងប្រទេសអ៊ុយក្រែន បានអះអាងថា សមាជិកម្នាក់នៃគណៈប្រតិភូ របស់ក្រុងគៀវ ដែលត្រូវបានបញ្ជូនទៅចូលរួម កិច្ចចរចាជាមួយទីក្រុងមូស្គូ កាលពីដើមសប្តាហ៍នេះ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការអះអាងដំបូង អំពីការស្លាប់របស់ Denis Kireev បានមកពីលោក Aleksandr Dubinsky ដែលជាសមាជិកសភា និងអ្នកកាសែត។ នៅក្នុងការបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគាត់ បានអះអាងថា លោក Kireev ត្រូវបានសម្លាប់ដោយភ្នាក់ងាររបស់ SBU ដែលជាសេវាសន្តិសុខអ៊ុយក្រែន ក្នុងអំឡុងពេលប៉ុនប៉ងចាប់ខ្លួនគាត់។
ការអះអាងពីការស្លាប់នេះ ក្រោយមកត្រូវបានបញ្ជាក់ ដោយប្រព័ន្ធផ្សព្វផ្សាយ ចំនួនពីរគឺ Ukraina.ua និង Obozrevatel ដែលទាំងពីរបានដកស្រង់ប្រភព អនាមិកផ្ទាល់ខ្លួនរបស់ពួកគេ។ មានការបង្ហោះរូបថតព្រាលៗមួយផ្នែក នៃអ្វីដែលគេអះអាងថា ជាសាកសពបុរសនោះ។ រូបភាពបង្ហាញ ពីមនុស្សម្នាក់ដេកលើចិញ្ចើមផ្លូវ ដោយប្រទះឃើញឈាមលើមុខ ហើយហូរចូលក្រោមក្បាល។ គ្មានការអត្ថាធិប្បាយ ពីមន្ត្រីអ៊ុយក្រែន អាចរកបានទេ គិតត្រឹមម៉ោង៤រសៀល ម៉ោងក្នុងតំបន់កាលពីថ្ងៃសៅរ៍៕ ប្រែសម្រួលៈ ណៃ តុលា