ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូន ដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅ កម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែមីនា ឆ្នាំ២០២២ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងធនធានទឹកបានឲ្យដឹងថា នៅក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ ចាប់ពីថ្ងៃទី៩-១០ ខែមីនា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ បន្តពីថ្ងៃទី១១-១៥ ខែមីនា ឥទ្ធិពលពីសម្ពាធទាប ដែលកើតឡើងលើថៃ និងកម្ពុជា។
ភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦.៥ °C ក្នុងចន្លោះពីថ្ងៃទី៩-១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ។ បន្តពីថ្ងៃទី១៣-១៥ខែមីនា បរិមាណភ្លៀង អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំបន្ថែមនិងខ្យល់កន្ត្រាក់។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ °C អាចមានភ្លៀងធ្លាក់តិចតួច។ បន្តពីថ្ងៃទី១៤-១៥ ខែមីនា បរិមាណភ្លៀងអាចកើនឡើងលាយឡំនិងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C នៅថ្ងៃទី១៣-១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់៕