ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនប្រជារាស្រ្ត ១៦៥គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូន ប្រជានុរាស្រ្តជាកូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម និងទាន់ពេលវេលា ប្រោសព្រះរាជទានជូនបងប្អូនប្រជារាស្ត្រ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៦៥គ្រសារ ស្ថិតនៅក្រុងសំរោង ស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ 

យោងតាមហ្វេសប៊ុក Royal Du Cabodge បានឲ្យដឹងថា ព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នាពេលនេះមាន៖ អង្ករចំនួន ៥០គីឡូក្រាម, ឃីត១ កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១), មីចំនួន ២កេស, ត្រីខចំនួន ១០កំប៉ុង, តង់កៅស៊ូចំនួន ១ ផ្ទាំង, អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១, ម៉ាសចំនួនមួយដុំមាន១០ បន្ទះ, ថវិកាចំនួន ៨០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរលំផ្ទះ ក្នុងនោះ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៤០ ម៉ឺនរៀល និងសម្ដេចព្រះមហាក្សត្រី ចំនួន ៤០ ម៉ឺនរៀល ដោយឡែកថវិកាចំនួន ៤០ ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរបើកដំបូលផ្ទះ ដោយក្នុងនោះ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០ ម៉ឺនរៀល និងសម្ដេចព្រះមហាក្សត្រី ចំនួន ២០ ម៉ឺនរៀល៕

To Top