ព័ត៌មានអន្តរជាតិ

វ៉ាក់សាំង Pfizer-BioNTech កាត់បន្ថយហានិភ័យ នៃការឆ្លងអូមីក្រុង លើកុមារអាយុពី ៥ ទៅ ១៥ឆ្នាំ

វ៉ាស៊ីនតោន ៖ វ៉ាក់សាំង Pfizer-BioNTech ចំនួន ២ដូសបានកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគអូមីក្រុង យ៉ាងខ្លាំង ចំពោះកុមារដែលមានអាយុពី ៥ ទៅ ១៥ឆ្នាំ នេះបើយោង តាមការសិក្សា ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសុក្រ។

យោងតាម CDC បានឱ្យដឹងថា កុមារ និងក្មេងជំទង់ដែលមានអាយុពី ៥ ទៅ ១៥ ឆ្នាំត្រូវបានធ្វើតេស្ត រកមេរោគ SARS-CoV-2 ប្រចាំសប្តាហ៍ ដោយមិនគិតពីរោគ សញ្ញាក្នុងកំឡុងខែកក្កដា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាម CDC ។

យោងតាម CDC បានឱ្យដឹងថា ប្រហែលពាក់កណ្តាល នៃការឆ្លងមេរោគអូមីក្រុង ចំពោះកុមារ និងមនុស្សវ័យជំទង់ ដែលមិនបានចាក់វ៉ាក់សាំង គឺមិនមានរោគសញ្ញា ។

យោងតាមការសិក្សារបស់ CDC បានឱ្យដឹងថា វ៉ាក់សាំង Pfizer-BioNTech ចំនួន ២ដូសបានកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគអូមីក្រុង ដោយ ៣១ ភាគរយក្នុងចំណោមកុមារ ដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ និង ៥៩ភាគរយក្នុងចំណោមក្មេងជំទង់ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។

វ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech mRNA ត្រូវបានណែនាំដោយគណៈកម្មាធិការ ប្រឹក្សារបស់ CDC ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការ សម្រាប់ក្មេងជំទង់ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំនៅថ្ងៃទី១២ ខែឧសភាឆ្នាំមុន និងសម្រាប់កុមារ ដែលមានអាយុពី ៥ ទៅ ១១ឆ្នាំនៅថ្ងៃទី០២ ខែវិច្ឆិកា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top