ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិនថា យោធាចិនបានត្រៀម​ ខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់ការជ្រៀតជ្រែក ពីខាងក្រៅណាមួយ លើកោះតៃវ៉ាន់

បរទេស ៖ ប្រទេសចិនបានព្រមានថា គ្មានមហាអំណាចបរទេស ឬ យោធាណាមួយ នឹងទទួលបានជោគជ័យ ក្នុងការជ្រៀតជ្រែក ជាមួយកោះតៃវ៉ាន់បានឡើយ ហើយចិន ថែមទាំងបានព្រមានទៀតថា ប្រទេសណាមួយ ដែលប៉ុនប៉ងផ្តល់ការគាំទ្រ ផ្នែកយោធាដល់តៃប៉ិ នឹងប្រឈមមុខនឹង “ផលវិបាក” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ឯក Tan Kefei បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “បញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុង សុទ្ធសាធរបស់ប្រទេសចិន” ។

លោក Tan បាននិយាយថា “គ្មាននរណាម្នាក់ និងគ្មានកម្លាំងណាអាចបញ្ឈប់” ទីក្រុងប៉េកាំងពី “ការបង្រួបបង្រួមជាតិ ពេញលេញ” ជាមួយកោះតៃវ៉ាន់ បានឡើយ ដោយបន្ថែមថា នរណាម្នាក់ដែលព្យាយាមធ្វើដូច្នេះ “នឹងទទួលផលអាក្រក់បំផុតនៅទីបញ្ចប់” ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បន្ថែមថា យោធាចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់ការជ្រៀតជ្រែក ពីខាងក្រៅណាមួយលើបញ្ហានេះ។ សេចក្តីថ្លែងការណ៍របស់លោក Tan Kefei បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Peter Dutton បានប្រកែកថាវានឹង “មិនអាចយល់បាន” សម្រាប់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា ដែលមិនចូលរួមជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន សម្រេចចិត្តការពារកោះតៃវ៉ាន់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top