ភ្នំពេញ ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះទៅបង្ក្រាប ចលនាប្រមូលផ្ដុំ បំផុសបំផុលក្រុមអនាធិបតេយ្យ ប្រមាណជា២៩៥នាក់ ឲ្យចូលទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិ ភ្នំក្រវាញខាងត្បូង នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នាថ្ងៃទី១៣ មីនា បានលើកឡើងថា «ដោយមានការសម្រប សម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ ក្រុមការងារគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ច បរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំ បំផុសបំផុលក្រុមអនាធិបតេយ្យ ប្រមាណជា ២៩៥នាក់ ស្រី១១៣នាក់ ឲ្យចូលទន្ទ្រាន កាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចគីឡូ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង»។
បើតាមមន្ទីរបរិស្ថានដដែល គឺមុនពេលចុះបង្ក្រាប គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់សីលា ក៏បានណែនាំប្រជាពលរដ្ឋទាំងនោះថា ដីដែលកំពុងធ្វើសកម្មភាព កាប់ឆ្ការនេះ គឺជាដីរបស់រដ្ឋ ដូច្នេះត្រូវបញ្ឈប់ សកម្មភាពរុករាន កាន់កាប់ដោយ ខុសច្បាប់ទៀត ប៉ុន្តែពួកគាត់ពុំបានស្ដាប់ឡើយ ទើបឈានដល់ការបង្ក្រាបតែម្តង។
ក្នុងពេលបង្ក្រាបនោះ ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន១០នាក់ និងដកហូតចបកាប់ ចំនួន១ , ចបជីកចំនួន៥ដើម, ញញួរ ចំនួន៣ដើម ពូថៅចំនួន១៨ដើម, ដែកគាស់ចំនួន២, ដែកគោល ចំនួន៥គីឡូ, កាំបិតផ្គាក់ចំនួន២៣ដើម, កាំបិត តូចចំនួន៣, តង់ចំនួន៤, រថយន្តចំនួន ៤គ្រឿង និងម៉ូតូ ចំនួន២គ្រឿង ។ ក្រុមការងារកំពុងបំពេញ នីតិវិធីកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ។
យោងលើច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៦ និងមាត្រា ៦២ បានចែងថា ជនសង្ស័យណា ដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល ចំពោះបុគ្គលប្រព្រឹត្ត ជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ២៥០លានរៀល ។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង ។
សូមបញ្ជាក់ថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលជាប់ព្រំប្រទល់ រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ៕