កីឡា

រដ្ឋបាលស្រុកខ្សាច់កណ្ដាល បិទការប្រកួតបាល់ទាត់យុវជន និងប្រគល់ពានរង្វាន់ជ័យលាភី របស់លោក អូន ព័ន្ធមុនីរ័ត្ន

ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារយុវជន បានរៀបចំពិធី បិទការប្រកួតកីឡាបាល់ទាត់យុវជន និងប្រគល់ពានរង្វាន់ជ័យលាភី របស់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ល្វាឯម និងកៀនស្វាយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

កម្មវិធីនោះ ក៏មានការចូលរួមពីលោក កៅ ថាច អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុក ទទួលបន្ទុកប្រធានក្រុមការងារ ចលនាយុវជន ស្រុកខ្សាច់កណ្តាល តំណាងលោក អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងភាគីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ ។

ឆ្លៀតឱកាសនេះដែរ លោក កៅ ថាច មានប្រសាសន៍ថា «គោលបំណង គឺចង់លើកស្ទួយវិស័យកីឡានៅកម្ពុជា ឲ្យមានការរីកចម្រើន ឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិ និងត្រៀមខ្លួន ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ» ។

លោកជំរុញឲ្យយុវជន ស្រឡាញ់វិស័យកីឡា ព្រោះកីឡានាំមកនូវសុខភាព កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវសាមគ្គីភាព។ ពិសេស អប់រំយុវជននៅស្រុកខ្សាច់កណ្តាល ជៀសឆ្ងាយពីគ្រឿងញៀន ពីព្រោះ «គ្រឿងញៀន បំផ្លាញខ្លួនអ្នក គ្រួសារអ្នក និងសង្គម»។

ចំណែក លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ក៏បានថ្លែងអំណរគុណ លោក អូន ព័ន្ធមុនីរ័ត្ន ដែលបានជួយឧបត្ថម្ភថវិកា ដើម្បីរៀបចំកម្មវិធីប្រកួត កីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់លោក អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាលឆ្នាំ២០១៩។

សូមបញ្ជាក់ថា សម្រាប់ស្រុកខ្សាច់កណ្តាល នេះជាលើកទី១ហើយ ដែលលោក អូន ព័ន្ធមុនីរ័ត្ន បានរៀបចំឲ្យមាន កម្មវិធីប្រកួតកីឡាយុវជន ដែលមានកីឡាករជាយុវជន មកពីបណ្តាលឃុំចំនួន១៣ ក្នុងស្រុក និងសិស្សវិទ្យាល័យចំនួន៣ បានចូលរួមប្រកួតប្រជែង ដណ្តើមជ័យលាភីនេះដែរ។ មិនតែប៉ុណ្ណោះ ដោយស្រឡាញ់ លើវិស័យកីឡា លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្កើតឲ្យមានក្លឹបហាត់ការ៉ាតេដូ មួយបន្ថែមទៀត ដែលមានឈ្មោះថា «ក្លឹបការ៉ាតេមុនីឋាបនា ស្រុកខ្សាច់កណ្តាល» ៕

ដោយ ៖ អេង ប៊ូឆេង

To Top