ព័ត៌មានអន្តរជាតិ

Update: ចិន ចោទអាមេរិកថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាអាក្រក់ ដែលថា រុស្ស៊ីបានស្នើសុំ ជំនួយយោធាពីរដ្ឋាភិបាល ទីក្រុងប៉េកាំង

បរទេស៖ ជាការឆ្លើយតបទៅនឹង របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថា រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើសុំជំនួយយោធា ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែននោះ ត្រូវបានក្រសួងការបរទេសចិន បានចោទទៅមន្ត្រីសហរដ្ឋអាមេរិកថាបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដោយមានចេតនាអាក្រក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃចន្ទដោយឆ្លើយនឹងសំណួរ របស់អ្នកកាសែតបរទេសអំពី ថាតើប្រទេសចិននឹងផ្តល់ជំនួយ ដល់ប្រទេសរុស្ស៊ីដោយអាវុធដែរឬទេថា “សហរដ្ឋអាមេរិកបាននិងកំពុង ផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងប្រទេសចិន អំពីបញ្ហាអ៊ុយក្រែននាពេលថ្មីៗនេះ ដោយមានចេតនាអាក្រក់” ។

 លោកបានបន្ថែមថា “ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺស្រប និងច្បាស់លាស់ ហើយយើងតែងតែដើរតួនាទីស្ថាបនាក្នុងការបញ្ចុះបញ្ចូលឱ្យមានសន្តិភាព និងការលើកកម្ពស់កិច្ចចរចា”។ លោក Zhao ក៏បានអំពាវនាវឱ្យភាគីដែលបះបោរ អនុវត្តការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹង ជាជាងជំរុញឱ្យពួកគេ ខណៈចិនទទូចថាប្រទេសទាំងអស់ គួរតែជំរុញឱ្យមានដំណោះស្រាយការទូតវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top