ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ប្រុស-ស្រីចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿង ចំនួនជាង២ គីឡូក្រាម ប្រព្រឹត្តនៅចំណុច ខាងមុខប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩។
លោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ចណ៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ទី១-ឈ្មោះ វង្ស សុខន ភេទស្រី អាយុ៥០ឆ្នាំ មេក្លោងនៅខេត្តស្ទឹងត្រែង, ទី២-ឈ្មោះ សៅ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ មេខ្លោងនៅភ្នំពេញ, និង ទី៣- ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស អាយុ៣៥ ឆ្នាំ ជាអ្នកចែកចាយ។
យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ ទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កាត់ទោស ទី ១-ឈ្មោះ វង្ស សុខន ដាក់ពន្ធនាគាកំណត់ ៣០ឆ្នាំ និងពិន័យ ៥០ លានរៀល, ទី ២- ឈ្មោះ សៅ សំណាង ដាក់ពន្ធនាគាកំណត់ ៣០ឆ្នាំ និងពិន័យ ៥០លានរៀល ។ និងទី៣ -ឈ្មោះ សោម សារ៉ាវ័ន្ត ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ និងពិន័យ ១០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគាត់បានប្តឹងឧទ្ធរណ៍។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅមុខប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក មានទម្ងន់ជាង ២គីឡូក្រាម។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ៕ ដោយ : លីហ្សា