ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរ៧ក្នុងពិធីសម្ពោធ ឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តអម្ពរវ័នសិលារាម (ហៅវត្តព្រែកចំឡាក់) ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១)។
លោកបណ្ឌិត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះសមិទ្ធផលជាច្រើន ដែលមាននៅក្នុងវត្តព្រែកចំឡាក់ ដ៏ចំណាស់មួយនេះ ក៏ដូចជា ការអភិវឌ្ឍរីកចម្រើន ជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុង ស្រុកឆ្លូង ខេត្តក្រចេះ ទាំងមូល ដោយទាំងនេះ បានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿង របស់ប្រជាជន នៅតាមមូលដ្ឋានភូមិ ស្រុក នៅទីនេះ ក្រោមការដឹកនាំ របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរ ដែលរស់នៅក្រៅប្រទេសផងដែរ ។ ដូចនឹងស្ថានភាពនៅទូទាំងប្រទេសផងដែរ អ្វីៗដែលត្រូវបានកសាងឡើង មកនេះ នឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏នឹងមានការបន្តអភិវឌ្ឍ កាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិ យើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះមានតែសន្តិភាពប៉ុណ្ណោះ ដែលអាចនាំមកនូវសេចក្តីសុខ គ្រប់បែបយ៉ាង ហើយសង្គ្រាម និងជម្លោះបែកបាក់ ជាប្រភព នៃសេចក្តីវិនាសហិនហោច និងសោកនាដកម្មសម្រាប់ជាតិ និងប្រជាជនទោះជាកើតឡើង ក្រោមហេតុផលអ្វីក៏ដោយ។
លោក ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ ដែលជាជំងឺ រាតត្បាតសាកល បានបំផ្លាញសុខភាព មនុស្សរាប់រយលាននាក់ និងសម្លាប់មនុស្ស រាប់លាននាក់ នៅលើពិភពលោក ដោយគ្មានការរើសអើង ហើយសូម្បីបុណ្យ សព្វក៏មិនអាចរៀបចំ តាមប្រពៃណីទំនៀមទម្លាប់សាសនាបាន ។ កម្ពុជា ក៏បានទទួលរងនូវសោដនាដកម្មនេះដែរ ហើយក៏ប្រហាក់ប្រហែល នឹងសោដនាដកម្មដែលយើង ធ្លាប់ឆ្លងកាត់រួចមកហើយ នៅក្នុងរបប ប៉ុល ពត។ ប៉ុន្តែមកដល់ថ្ងៃនេះ អ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ។ ទោះបីករណីឆ្លងនៅបន្តមាន និងការវាយលុក ពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវ ព្រួយបារម្ភ អំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំង នៅក្នុងប្រទេសយើង មានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ ។ ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញ ពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុង ការអនុវត្តគ្រប់វិធានការ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ជាពិសេសជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋមកលើការ ដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានភាព ជាអ្នកដឹកនាំ អង់អាចម្ចាស់ការ មានទស្សនវិស័យ និងភាពឈ្លាសវៃ ក្នុងការប្រឈមដោះស្រាយវិបត្តិ រហូតស្ថានការណ៍អាចវិលមករកភាព ប្រក្រតី និងការបើកប្រទេសឡើងវិញ លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។ ការសម្រេចចិត្តប្រកប ដោយការទទួលខុសត្រូវ លឿនរហ័ស និងមានមូលដ្ឋានច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងជ្រើសរើសយកវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស គឺពិតជាបាននាំមកនូវភាពកក់ក្តៅ លើការធានាអាយុជីវិត របស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត បន្ថែមថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគ វាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញ និងដឹងឮដោយផ្ទាល់ អំពីអ្វីល្អអ្វីអាក្រក់។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានទទួលអម្រែកភារកិច្ច និងការផ្ទុកផ្តាក់ពីប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេស ដោយឈានចេញពី ការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារ កសាងជាតិចេញពីគំនរផេះផង់ និងការការពារការ វិលត្រលប់ នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាព ទឺកដី, និងជាក់ស្តែង ក្នុងអាណត្តិភារកិច្ចឆ្នាំ២០១៨-២០២៣ នេះ គឺបានខិតខំសម្រេច បាននូវការជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ ជាងមួយសែននាក់ និង ការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ ក្នុងនាម សម្តេចតេជោ ប្រធានគណបក្ស សូមអរគុណ ចំពោះការទុកចិត្តមកលើគណបក្ស ប្រជាជន កម្ពុជាក្នុងរយៈកាលកន្លងមក និងសូមបន្តការគាំទ្រ ដើម្បីជាការផ្តល់ ឱកាសឈានទៅបន្តបម្រើ រែកពន់ និងសម្រេចភារកិច្ច ជូនជាតិ និងប្រជាជនបន្ថែមទៀត ។ ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ កសាង និងការពារជាតិ ប្រជាជន ដោយធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅបានសេចក្តីសុខ និងសុភមង្គល ហើយគ្រប់ភូមិស្រុកនៅទូទាំងប្រទេស ទទួលបានការបន្តអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តរភាព ៕