បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា នឹងមិនមានការឈប់សម្រាកណាមួយ ចំពោះប្រតិបត្តិការយោធា របស់ខ្លួន ប្រឆាំងទៅនឹងអ៊ុយក្រែនឡើយ ប៉ុន្តែនៅតែបន្តកិច្ចពិភាក្សា ដើម្បីសន្តិភាពជាធម្មតា។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ប្រធានាធិបតីលោក Dmitry Peskov បានបន្តទៀតថា៖អ្នកបានឃើញស្រាប់ហើយ នៅក្នុងពេលដែលយើង បានសម្រេចចិត្តទទួលយក បទឈប់បាញ់ណាមួយ ក្រុមជាតិនិយម នឹងប្រើប្រាស់ឱកាសនេះ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ហើយបន្តវាយប្រហារ មកលើកងកម្លាំងរបស់រុស្សីសាជាថ្មី។ ហេតុនេះយើងមិនចង់ធ្វើរឿង ដែលយើងធ្លាប់ជួបប្រទះបែបនេះ ដដែលៗឡើយ។
គួរឲ្យដឹងដែរថាអំឡុងពេល នៃការវាយប្រហារ ទៅលើអ៊ុយក្រែន អស់រយៈពេលជិត១ខែកន្លងមកនេះ រុស្សីបានប្រកាសទទួលយកបទឈប់បាញ់ ជាច្រើនដងមកហើយ ដែរថា ដោយសារតែចង់អនុញ្ញាតិ ឲ្យពលរដ្ឋស៊ីវិលអាចធ្វើការចាកចេញ ទៅកាន់តំបន់ដែលមិនប៉ះពាល់ផ្សេងទៀត និងក៏ដូចជាការបើកច្រក ជំនួសមនុស្សធម៍ផង។
រដ្ឋាភិបាលក្រុងគៀវ និងរដ្ឋាភិបាលក្រុងមូស្គូ កន្លងមកតែងតែបានធ្វើការចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក អំពីការរំលោភទៅលើបទឈប់បាញ់គ្នា បណ្តោះអាសន្ន៕
ប្រែសម្រួល៖ស៊ុនលី