ព័ត៌មានជាតិ

អភិបាល​ ខេត្តកំពង់ចាម ជម្រុញសមត្ថកិច្ច ឲ្យបន្តធ្វើការងារ ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ

កំពង់ចាម ៖ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប៉ុស្តិ៍រដ្ឋបាលមហាខ្ញូង និងប៉ុស្តិ៍រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន នាព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញ ឲ្យសមត្ថកិច្ចនគរបាល បន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឱ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ ។

លោកអភិបាលខេត្តបន្តថា បន្ទាប់ពីទទួលបានប៉ុស្តិ៍រដ្ឋបាលថ្មី សូមស្នើដល់សមត្ថកិច្ចនគរបាល ត្រូវខិតខំបន្តធ្វើការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាបម្រើសេវាសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត មកលើសមត្ថកិច្ចយើង ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ។ ត្រូវខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ពេលពួកគាត់មកទទួលសេវាផ្សេងៗ ។និងត្រូវបន្តពង្រឹងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ។

លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងរដ្ឋបាលខេត្ត ទៅបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជាការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើស ធនធានធម្មជាតិ ល្បែងស៊ីសង និងបានចូលរួមយ៉ាងសកម្ម ជាមួយក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ លើសពីនេះ សម្រាប់ខេត្តកំពង់ចាម ក្នុងចលនាប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាព ទទួលបានជ័យលាភីលេខ១ នៃប៉ុស្តិ៍រដ្ឋបាលទាំង ១០៩ នៃឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាមតែម្តង សម្រាប់ឆ្នាំ២០២១ ។

លោកអភិបាលខេត្តបន្តថា ដើម្បីការពារតំណែងជ័យលាភី លេខ១ នេះ ឱ្យបានតទៅមុខទៀត ដូច្នេះនគរបាលយុត្តិធម៌ អាជ្ញាធរ ភូមិ ឃុំ ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើសមត្ថកិច្ចរបស់យើង៕

To Top