បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កន្លងមកបានបញ្ជាក់ហើយថា ប្រទេសឥណ្ឌា តែងតែបានបដិសេធ មិនព្រមស្ថិតនៅទីតាំង ជាមួយនឹងលោកខាងលិចឡើយ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងមិត្តជិតស្និទ្ធរុស្ស៊ី ជុំវិញបញ្ហាលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិក លោកស្រី Mira Rapp-Hooper បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពឆ្លើយតបរបស់ឥណ្ឌា ចំពោះប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ គឺមិនទាន់អាចទទួលយកបាននៅឡើយ ហើយលោកក៏បានបញ្ជាក់ថា ប៉ុន្តែវាក៏មិនមែនជារឿង គួរឲ្យភ្ញាក់ផ្អើលនោះដែរ។
លោកស្រី Hooper ប្រធានផ្នែកកិច្ចការងារសន្តិសុខជាតិ របស់អាមេរិកប្រចាំ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើការលើកឡើងនេះ ជាពិសេសសំដៅទៅលើការបោះឆ្នោត ចុងក្រោយមួយដោយឥណ្ឌា នៅអង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលក្រុងញូវដេលី បានបដិសេធមិនព្រមប្រឆាំង ទៅនឹងសកម្មភាពរបស់រុស្ស៊ី ទៅលើអ៊ុយក្រែននោះឡើយ និងបន្តរក្សាភាពស្ងៀមស្ងាត់ ចំពោះបញ្ហានេះទៀតផង។
លោកស្រី Hooper បានថ្លែងបែបនេះថា៖ ខ្ញុំគិតថាគ្រប់គ្នាគួរតែបានព្រមព្រៀងដូចគ្នា ចំពោះមុខការបោះឆ្នោត នៅយូអិនប៉ុន្តែជំហរបស់ឥណ្ឌា ទៅលើវិបត្តិនេះគឺមិនមែនអ្វី ដែលយើងចង់បាននោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសម្រេចចិត្តរបស់ឥណ្ឌាលើកនេះ ក៏មិនមានអ្វីគួរឲ្យចម្លែក និងភ្ញាក់ផ្អើលនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី