ម៉ូស្គូ៖ ប្រភពព័ត៌មានពីប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី របស់លោកគឺលោក វ្លាឌីមៀ ពូទីន បានយល់ព្រម រៀបចំការចរចារ បន្ទាប់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។
ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ និងបានពិភាក្សា អំពីស្ថានភាពចុងក្រោយបង្អស់ នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងដំណើរការចរចាសន្ដិភាព។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរ “បានយល់ព្រមថា កិច្ចប្រជុំបន្ទាប់នៃក្រុមចរចារ នៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុល” ។
ក្នុងអំឡុងពេលសន្ទនា លោក Erdogan បានប្រាប់លោក ពូទីន ថា បទឈប់បាញ់ និងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវតែសម្រេចឱ្យបានឆាប់ តាមដែលអាចធ្វើបាន ហើយស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់គួរតែត្រូវបានកែលម្អ ដោយបន្ថែមថាតួកគីនឹងបន្ត “ចូលរួមចំណែកក្នុងគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលដំណើរការនេះ “៕ ប្រែសម្រួល ឈូក បូរ៉ា