ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសមិនតែងតាំង មុខតំណែងមន្រ្តីណា មិនចេះប្រើបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងមិនតែងតាំង មុខតំណែង ចំពោះមន្រ្តីរូបណា ដែលមិនចេះប្រើប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនង ដូចជា Whats App, Telegram, Wechat, Line ឬប្រើ ZOOM សម្រាប់ប្រជុំ ជាដើម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ចឹងបានថាអស់លោករដ្ឋមន្រ្តី អស់លោកឧបនាយករដ្ឋមន្រ្តី អស់លោកទាំងឡាយ ត្រូវតែរៀនសូត្របច្ចេកវិទ្យា ។

សម្ដេចតេជោបន្តថា កាលពីមុនសម្ដេចប្រើពាក្យថាអក្ខរកម្មកុំព្យូទ័រ ឥឡូវសម្ដេចប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា ហើយឲ្យចេះតែមួយជុំវិញទូរស័ព្ទបានហើយ មិនបាច់ចេះអ្វីច្រើន ចេះត្រឹមតែប្រើប្រព័ន្ធទូរស័ព្ទ។

សម្ដេចបញ្ជាក់ថា «ចឹងបើអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបាននោះទេ ព្រោះឧទាហរណ៍ឲ្យធ្វើអភិបាលខេត្ត បើអត់ចេះប្រើ Whats App, Telegram, Wechat, Line ឬប្រើ ZOOM សម្រាប់ប្រជុំផង តើអស់លោកទៅប្រជុំ ជាមួយគេយ៉ាងម៉េច ចឹងអត់តែងតាំងនោះទេ ចឹងត្រូវរៀនអាហ្នឹងឲ្យចេះ»។

សម្ដេចតេជោបន្ថែមថា សម័យនេះហើយគេបញ្ជូនសារទៅវិញទៅមក តែមួយភ្លេត រួចហើយឯងនៅតែអាឡូៗ នៅនឹង ។ កុំលេងអាឡូៗ នឹងអត់បានទេ ហើយអាឡូនៅស្រុកនេះគឺមិនប្រាកដថា សុវត្ថិភាពនោះទេ បើអាឡូតាមអីធើណេតអត់អីនោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា «ទូរស័ព្ទតាម Telegram ,Whats App ,Wechat, Line ហ្នឹងគឺអត់អីនោះទេ ប៉ុន្តែបើនិយាយ តាមទូរស័ព្ទហើយ អាណាពិបាកទំនាក់ទំនង ជួលកាលវារខេរខាក សម័យនេះសម័យអីធើណេត»៕

To Top