ភ្នំពេញ៖ រស់នៅក្នុងភាពតែលតោលគ្មានសាច់ញាតិ ដើរត្រាចចរណ៍តាមផ្លូវជាអកុសល ត្រូវរថយន្តដឹកដីបើកបុកនិងកិន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ជាមួយនឹងបង្វិចម្ហូបអាហារ នឹងសំលៀកបំពាក់បែកខ្ចាត់ខ្ចាយពេញផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ ម៉ាកនីសាន់ ដឹកដី ចង្កូតស្តាំ PP-1592 បានបើកតាមបណ្តោយផ្លូវជាតិលេខ១ ឆ្លងផ្លូវបញ្ឆិតពីលិចទៅកើត បានបុកជនរងគ្រោះ កំពុងអង្គុយនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមៗ អ្នកបើករថយន្តនោះ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នៅទីតាំងកើតហេតុ ដោយបាននាំយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់បន្តទៀត និងស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិរបស់បុរសខាងលើ ដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែរ៕