ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ជាឱ្យបញ្ឈប់ការ បញ្ជូនពលករទៅកាន់មជ្ឈឹមបូព៌ា ចំពេលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងកើនឡើង

បរទេស៖ រដ្ឋមន្រ្តីក្រសួងការងារ របស់វៀតណាម បានបញ្ជាឱ្យបញ្ឈប់ការបញ្ជូនពលករវៀតណាម ទៅកាន់មជ្ឈឹមបូព៌ាចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ដែលកំពុងកើនឡើង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានណែនាំដល់នាយកដ្ឋានគ្រប់គ្រង ពលកម្មក្រៅប្រទេស នៅថ្ងៃពុធនេះឱ្យបញ្ឈប់អាជីវកម្មជាបណ្តោះអាសន្ន ពីការបញ្ជូនភ្ញៀវជាពលករ ទៅតំបន់ដែលងាយនឹងបង្ក ជាហេតុនិងបញ្ឈប់ពួកគេ ប្រសិនបើពួកគេមិនគោរពតាម។

លោក Dung បាននិយាយនៅក្នុង សន្និសីទរដ្ឋាភិបាលថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ កាន់តែស្មុគស្មាញដែលធ្វើឱ្យមានការលំបាកក្នុងការគិតទុកជាមុន អំពីអ្វីដែលនឹងកើតឡើង។

សូមជម្រាបថា កាលពីថ្ងៃពុធអ៊ីរ៉ង់បានបាញ់មីស៊ីល ២២ គ្រាប់នៅមូលដ្ឋានអ៊ីរ៉ាក់ដែលប្រើ ដោយយោធាសហរដ្ឋអាមេរិក។ ការវាយប្រហារដោយមីស៊ីលនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបាន ធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani ។ ការបាញ់មីស៊ីល ២២គ្រាប់របស់អ៊ីរ៉ង់ ត្រូវបានសហរដ្ឋអាមេរិកបានអះអាងថា មិនមានអ្នកស្លាប់និងរបួសនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top