ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ប្រាប់ប្រេសិតពិសេស UN ពីជំហានការងារបន្ទាប់ចំនួន ៣ ក្នុងនាមប្រេសិតពិសេស ដោះស្រាយបញ្ហាភូមា (Video)

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានថ្លែងប្រាប់លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា អំពីជំហានចំនួន៣ នៃការងារ នាពេលបន្ទាប់របស់លោក ក្នុងនាមជាប្រេសិតពិសេស ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។

ជំហានសំខាន់ៗទាំង៣ ដែលជាកិច្ចការងារបន្ទាប់ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារួមមាន៖ ជំហានទី១.ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់អំពីជំនួយមនុស្សធម៌ ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗលើរបៀប ក្នុងការចែកចាយជំនួយមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាពឲ្យទៅដល់ ប្រជាជនដែលត្រូវការ ជំនួយបំផុតដោយគ្មានការរើសអើង។ ជំហានទី២.គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង និងទី៣.អំពីដំណើរទស្សនកិច្ចជាលើកទី២ របស់លោក ប្រាក់ សុខុន ទៅកាន់មីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ ក្រោយជំនួបរវាងលោកស្រីបណ្ឌិត Noeleen Heyzer និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កាលពីថ្ងៃទី៣១ មីនា ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនដៃគូសន្ទនា អំពីសកម្មភាព ការប្រឈមនានា និងលទ្ធផលនៃជំនួប របស់លោកជាមួយភាគី ពាក់ព័ន្ធជាច្រើនក្នុងអំឡុងពេល ទស្សនកិច្ចជាលើកដំបូងរបស់លោកទៅមីយ៉ាន់ម៉ា នៅថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតជាសំខាន់ទៅលើ អាទិភាពបន្ទាន់ចំនួន៣ រួមមាន ៖ ដំណើរឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា , សម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ , ការកសាងជំនឿទុកចិត្ត និងបង្កើតបរិយាកាសដើម្បីចាប់ផ្តើម កិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន និងស្ថាបនា ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកត្រូវបានទទួល ស្វាគមន៍ជាទូទៅ និងត្រូវបានចាត់ទុកថា ជាដំណើរឆ្ពោះទៅមុខដ៏សំខាន់ នៅក្នុងការអនុវត្តកិច្ចព្រមព្រៀង ជា ឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដោយគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលពីរថ្ងៃ នៃដំណើរទស្សនកិច្ច លោកទទួលបានការយល់ដឹងពាក់ព័ន្ធជាច្រើន សម្រាប់ដំណើរឆ្ពោះទៅមុខក្នុងការបញ្ចប់អំពើហិង្សា ក្នុងការយល់ដឹងបន្ថែមទៀត អំពីហេតុផលនៅពីក្រោយភាពមិនដូចគ្នានៃ ទស្សនៈ និងជំហរ ក្នុងចំណោមភាគីពាក់ព័ន្ធ ក៏ដូចជា តម្រូវការដើម្បីដោះស្រាយឧបសគ្គនានា ក្នុងការចែកចាយជំនួយមនុស្សធម៌។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមនានា ដោយគូសបញ្ជាក់ថា តួអង្គនយោបាយខុសៗ គ្នានៃប្រទេសមីយ៉ាន់ម៉ា នៅមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចពិភាក្សានោះទេ និងនៅតែមានការតាំងចិត្តយ៉ាងមុតមាំ ក្នុងការបន្តការតស៊ូរបស់ពួកគេ នៅគ្រប់ទម្រង់ ជាពិសេសតាមរយៈការតស៊ូប្រដាប់អាវុធ ។ លោកបន្តទៀតថា ច្បាស់ណាស់គ្មានដំណោះស្រាយភ្លាមៗចំពោះបញ្ហាដែលបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រទេស សង្គម និងនៅក្នុងសតិអារម្មណ៍ របស់ប្រជាជនមីយ៉ាន់ម៉ានោះទេ៕

To Top