ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវរដ្ឋបាលខេត្ត-ក្រុង ចុះអប់រំពលរដ្ឋ ឲ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ

ភ្នំពេញ ៖ ដោយសារតែឆ្នាំ២០២០នេះ កម្ពុជាអាចប្រឈមនឹងគ្រោះរាំងស្ងួត អូសបន្លាយរយៈពេលយូរ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវទៅដល់រដ្ឋបាល ខេត្ត-ក្រុង ចុះអប់រំប្រជាពលរដ្ឋឲ្យពួកគាត់ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពធនធានទឹក ដើម្បីទុកសម្រាប់ប្រើប្រាស់។

ក្នុងពិធីប្រកាសតែងតាំង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា រដ្ឋបាលខេត្ត-ក្រុង ត្រូវសហការជាមួយពលរដ្ឋជាប់រហូត ដើម្បីដឹងសុខទុក្ខពួកគាត់ ថាតើពួកគាត់ចង់បានអ្វី?

សម្ដេចមានប្រសាសន៍ថា «អាស្រ័យដោយឥទ្ធិពលធាតុអាកាសធាតុឆ្នាំនេះ (ឆ្នាំ២០២០) អាកាសធាតុនឹងមានភាពហួតហែង ហើយរដូវប្រាំងអាចនឹងអូសបន្លាយ រយៈពេលយូរជាងឆ្នាំមុនៗ ។ ហេតុនេះ ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៃថ្នាក់ក្រោមជាតិ ត្រូវសហការអប់រំប្រជាពលរដ្ឋ ឲ្យសន្សំសំចៃទឹក និងចូលរួមថែរក្សាការងារ ប្រភពធនធានទឹក ទុកសម្រាប់ប្រើប្រាស់ នឹងត្រៀមលក្ខណៈអន្ដរាគមន៍ជាប្រចាំ ដើម្បីដោះស្រាយទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ទាំងនៅទីក្រុង-ទីប្រជុំជន និងជនបទ»។

ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងទៀតថា រដ្ឋបាលខេត្ត-ក្រុង ត្រូវបន្ដផ្សព្វផ្សាយអប់រំពលរដ្ឋ ឲ្យថែរក្សាសុខភាព អនាម័យ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្ដែង និងចំការ ព្រមទាំងការចូលរួម ថែរក្សាការពារភ្លើងឆេះព្រៃផងដែរ ។

កាលពីថ្ងៃទី៩ ខែវវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការទន្លេមេគង្គ (MRC) បានចេញសេចក្ដីប្រកាសព័ត៌មាន បន្ទាន់មួយអះអាងថា បណ្ដាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង រហូតដល់ខែមករា ឆ្នាំ ២០២០ ក្នុងនោះកម្ពុជា-ថៃ នឹងទទួលរងការវាយប្រហារនេះខ្លាំង ជាងវៀតណាម និងឡាវ៕ ដោយ ៖ អេង ប៊ូឆេង

To Top