ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាម ទើបតែងតាំងថ្មីប្រចាំកម្ពុជា បានឯកភាពគ្នារិះរកនូវយន្តការថ្មីៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក Nguyen Huy Tang នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ភាគីទាំងពីរ បានកត់សម្គាល់ ពីកិច្ចសហប្រតិបត្តិការល្អ ប្រសើរលើគ្រប់វិស័យរវាង កម្ពុជា-វៀតណាម ដែលបញ្ជាក់អំពីទំនាក់ទំនង កាន់តែរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀត រវាងប្រទេសទាំងពីរ និងបានបន្តរក្សាកិច្ចសហប្រតិបត្តិការ លើយន្តការដែលមានស្រាប់ ក៏ដូចជារិះរកនូវយន្តការថ្មីៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែមទៀត។
លើសពីនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕