បរទេស៖ មន្ត្រីការពារជាតិត្រូវបានសារព័ត៌មាន CNN ដកស្រង់សម្តី កាលពីថ្ងៃច័ន្ទដែលបានអះអាងថា សហរដ្ឋអាមេរិក បានធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដែលធ្វើឡើងដោយក្រុមហ៊ុន Lockheed Martin សម្រាប់កម្មវិធី Hypersonic Air-breathing Weapon Concept (HAWC) ។ រដ្ឋបាល Biden សន្មត់ថា រក្សាការសាកល្បងនេះជាសម្ងាត់ មិនឱ្យបង្កជម្លោះជាមួយរុស្ស៊ីតទៅទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភព CNN មីស៊ីល scramjet ត្រូវបានបាញ់ចេញពី យន្តហោះទម្លាក់គ្រាប់បែក B-52 ចេញពីឆ្នេរសមុទ្រភាគខាងលិច ហើយធ្វើដំណើរក្នុងរយៈកម្ពស់ ៦៥ ០០០ ហ្វីត (២០ ០០០ ម៉ែត្រ) សម្រាប់ចម្ងាយជាង ៣០០ ម៉ាយ (៤៨០គីឡូម៉ែត្រ) ។ ប្រភពមិនបានបង្ហាញពីល្បឿន របស់មីស៊ីលនោះទេ ទោះបីជាមីស៊ីលប្រភេទនេះ គួរតែមានល្បឿន យ៉ាងហោចណាស់ Mach-5 ដែលត្រូវបានគេចាត់ទុកថា ជាកម្រិតទាប សម្រាប់អាវុធលឿនជាងសំឡេង។
វាគឺជាការធ្វើតេស្តជោគជ័យ លើកទីពីរ ដែលត្រូវបានរាយការណ៍ ក្រោមកម្មវិធី HAWC ដែលដំណើរការរួមគ្នា ដោយកងទ័ពអាកាស សហរដ្ឋអាមេរិក និងទីភ្នាក់ងារស្រាវជ្រាវកម្រិតខ្ពស់ ការពារជាតិសហរដ្ឋអាមេរិក (DARPA)។ កាលពីខែកញ្ញាឆ្នាំមុន, DARPA បានប្រកាសថា ខ្លួនបានសាកល្បងគំរូកាំជ្រួច scramjet ដែលផលិតរួមគ្នាដោយ Raytheon Technologies និង Northrop Grumman ដោយមិនផ្តល់ព័ត៌មាន លម្អិតណាមួយឡើយ៕ ប្រែសម្រួលៈ ណៃ តុលា