បរទេស៖ អ៊ីរ៉ង់បានធ្វើការវាយប្រហារ ដោយមីស៊ីល ទៅលើទីតាំងមូលដ្ឋាន អាមេរិកឈរជើង នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងការសងសឹក ចំពោះការធ្វើឃាត ឧត្តមសេនីយ៍កងកម្លាំងពិសេស Quds របស់ខ្លួនគឺលោក Qasem Soleimani ។ យោងតាមសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក គឺការវាយប្រហារនេះ មិនបណ្តាលឱ្យមានអ្នកស្លាប់ និងរងការខូចខាតអ្វីឡើយ ហើយគ្រាន់តែបង្កការខូចខាតបន្តិចបន្តួច ដល់មូលដ្ឋានទ័ព អាមេរិកប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រមុខកងកំលាំងអវកាសឆ្មាំបដិវត្ត ឧត្តមសេនីយ៍ត្រី Amir Ali Hajizadeh បានថ្លែងថា ការវាយប្រហារមីស៊ីល កាលពីថ្ងៃទី ៨ មករា ទៅលើមូលដ្ឋានអាមេរិក នៅអ៊ីរ៉ាក់ គ្រាន់តែជាការចាប់ផ្តើម នៃការវាយប្រហារជាបន្តបន្ទាប់ ដែលនឹងកើតឡើង នៅទូទាំងតំបន់ទាំងមូលប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន Tasnim News Agency បានចេញផ្សាយ ។
ឧត្តមសេនីយ៍រូបនេះបានបន្តទៀតថា ប្រទេសនេះមានមីស៊ីលរាប់រយ ដើមត្រៀមបាញ់នៅពេលដែលខ្លួនធ្វើវាយប្រហារ ដែនអាកាស ហើយបន្ថែមថា រដ្ឋាភិបាលទីក្រុងតេរ៉ង់ បានធ្វើការវាយប្រហារតាមអ៊ីនធឺណេតនៅថ្ងៃដដែលប្រឆាំងនឹងប្រព័ន្ធយន្តហោះ និងប្រព័ន្ធយន្តហោះគ្មានមនុស្ស បើកអាមេរិកផងដែរ។
ក្នុងពេលជាមួយគ្នានេះ ដែរលោកឧត្តមសេនីយ៍ Hajizadeh បានបង្ហើបថា អ៊ីរ៉ង់មិនមានផែនការសម្លាប់ទាហានអាមេរិកណាមួយទេ ក្នុងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី ៨ ខែមករា ដោយនិយាយថា ប្រទេសនេះបានដាក់គោលដៅ ទៅលើ“ ម៉ាស៊ីនយោធា” របស់អាមេរិកជំនួសវិញ។
ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះ ក៏បានកត់សម្គាល់ថា ការបណ្តេញកម្លាំងអាមេរិក ចេញពីមជ្ឈឹមបូព៌ា គឺជាការសងសឹកដែលសមស្រប សម្រាប់ការធ្វើឃាត លោក Qasem Soleimani មេបញ្ជាការកងទ័ពពិសេស Quds កាលពីថ្ងៃទី ៣ ខែមករា៕
ប្រែសម្រួលៈ ណៃ តុលា