ព័ត៌មានអន្តរជាតិ

Update: រុស្សី ឆ្លើយតបទៅនឹងការចោទប្រកាន់ថា បានរៀបចំគម្រោងធ្វើឃាត មេដឹកនាំអ៊ុយក្រែន

បរទេស៖ យោងតាមការបញ្ជាក់ចុងក្រោយ ដោយអ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov រុស្សីបានអះអាងថា ខ្លួនមិនដែលមានផែនការ ក្នុងការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឬផ្លាស់ប្តូរគាត់ចេញពីអំណាច ដូចការចោទប្រកាន់នោះទេ។

លោក Peskov បានបញ្ជាក់បែបនេះថា វាមិនមែនជាការពិតនោះទេដែលរុស្សី មានបំណងចង់សម្លាប់លោក Zelensky ហើយរុស្សីក៏មិនដែលធ្លាប់រៀបចំ ផែនការដើម្បីផ្តួលរលំរបបដឹកនាំ បច្ចុប្បន្នរបស់អ៊ុយក្រែន នោះដែរមានន័យថា វាមិនមែនជាផ្នែកណាមួយ ដែលរុស្សីបើកប្រតិបត្តិការយោធា ក្នុងប្រទេសអ៊ុយក្រែននោះទេ។

លោកបន្តថា លោក Zelensky គឺជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ហើយអ្វីដែលយើងចង់បាន ពីគាត់នោះគឺជាកិច្ចព្រមព្រៀងមួយ ដែលរុស្សីទាមទារនិងគឺជាអ្វី ដែលភាគីរុស្សីតែងតែលើកឡើង ជារឿយៗនៅក្នុងកិច្ចចរចា ដើម្បីសន្តិភាពជាមួយគ្នា។

គួរឲ្យដឹងដែរថា កិច្ចចរចាដើម្បីសន្តិភាព រវាងក្រុមគណប្រតិភូតំណាង ឲ្យប្រទេសទាំងពីរជុំចុងក្រោយ បានធ្វើឡើងតាំងតែពីមួយសប្តាហ៍មុនមកម្ល៉េះ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូលប្រទេសតួកគី ដែលជាលទ្ធផលរុស្សីយល់ព្រម ដកទ័ពចេញពី តំបន់មួយចំនួនក្បែរទីក្រុងគៀវ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top