ព័ត៌មានជាតិ

ម៉ាឡេស៊ី ចង់ស្នើយកភាសាមេឡាយូ ជាភាសាទីពីរ របស់អាស៊ាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានប្រកាស់អំពីគំរោងស្នើសុំយកភាសា Bahasa Melayu ឬ Malay របស់ខ្លួន ឱ្យក្លាយទៅជា “ភាសាទីពីរ” របស់អាស៊ាន។

ម៉ាឡេស៊ីលើកឡើងបែបនេះ ដោយទាញហេតុផលចំនួន៣ថា៖

១.ដើម្បីលើកកម្ពស់ភាសាជាតិ នៅលើឆាកអន្តរជាតិ។

២.ចង់យកលំនាំតាមសហភាពអឺរ៉ុប (EU) ដែលបានប្រើប្រាស់ភាសាផ្លូវការរហូតដល់ទៅ២៤ និងភាសាការងារចំនួនបី៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់។

៣.ភាសា Melayu ត្រូវបានគេនិយាយរហូតដល់ទៅជិតពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋជាង ៦០០លាននាក់ នៅក្នុងតំបន់អាស៊ាន។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ី បានប្រតិកម្មមុនគេក្នុងចំណោមប្រទេសអាស៊ាន ៩ទៀត ដោយទាញហេតុផលថា បើគិតពីភាសាដែល និយាយច្រើនជាងគេគឺ បាហាសាឥណ្ឌូនេស៊ីមិនមែន បាហាសាម៉ាឡេស៊ី នោះឡើយ។ ភាសា Bahasa Indonesia និង Bahasa Malaysia មានភាពខុសគ្នាខ្លះនៅក្នុងវាក្យសព្ទ អក្ខរាវិរុទ្ធ ការបញ្ចេញសំឡេង និងវេយ្យាករណ៍។

អាស៊ានដែលមានអាយុ ៥៥ឆ្នាំហើយ បានយក “ភាសាអង់គ្លេស” ជាភាសាផ្លូវការ និងភាសាការងារចាប់តាំងពីដំបូងមកម្លេះ។

តាមមើលទៅបំណងរបស់ម៉ាឡេស៊ីនេះ មិនអាចទៅរួចទេ ព្រោះមិនអាចរកសំឡេង កុងសង់ស៊ីសទាំង ១០ប្រទេសបានឡើយ៕ អត្ថបទដកស្រង់ពីផេកហ្វេសប៊ុក៖ លោក ពុយ គា (Puy Kea)

To Top