ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះពុទ្ធ សាសនា ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។
តាមរយៈសារលិខិអបអរសាទរ ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា លោក ឈិត សុខុន បានមានប្រសាសន៍ថា ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ៨មេសានេះ គឺរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧដុង្គឧត្តមថ្លៃថ្ល របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា ហើយទ្រង់បានរួមចំណែក ជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ បំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធសាសនិក ដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានគង់វង្ស។
លោករដ្ឋមន្ត្រី ឈិត សុខុន បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះពុទ្ធ សាសនា ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថាគ្មានសេចក្តីសុខ ណាប្រសើរជាងសេចក្តីស្ងប់ឡើយ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឲ្យតម្លៃដល់សន្តិភាព សន្តិភាព មានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីៗដែលស្រស់ស្រាយបំផុត សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹម ដល់មនុស្សជាតិគ្រប់រូប។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ”។
លោកក៏អំពាវនាវប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់ៗរូប ក៏ដូចជាប្រជាពលរដ្ឋ ចងចាំថ្ងៃ ៨ មេសា ជាទិវាពុទ្ធសាសនាអន្តរជាតិ និងឲ្យមានការរៀបចំពិធីសាសនានៅតាមវត្តអារាមនៅកម្ពុជា គ្រប់ទីកន្លែងជារៀងរាល់ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅទីក្រុងកូបេ ប្រទេសជប៉ុន មានអ្នកគោរពព្រះពុទ្ធសាសនា៤១ប្រទេស តំណាងពុទ្ធសាសនិកជន ៥១០ លាននាក់ ទូទាំងពិភពលោកបានធ្វើកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោកលើកទី៦ ក្រោមប្រធានបទ “សាមគ្គីភាព ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក”។ កិច្ចប្រជុំនេះបានកំណត់យកថ្ងៃទី៨ ខែមេសា ជាទិវាពុទ្ធសាសនាអន្តរជាតិ និងថ្វាយព្រះរាជគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា “ព្រះស្រីលោកធម្មិករាជ” ចំពោះ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕