ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ទីក្រុងមូស្គូនឹងសងសឹកប្រឆាំងនឹងកញ្ចប់ទណ្ឌកម្មចុងក្រោយ របស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថាការឆ្លើយតប នឹងមិនចាំបាច់ស៊ីមេទ្រីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Alexander Darchiev ដែលជាប្រធាននាយកដ្ឋានកិច្ចការ អាមេរិកខាងជើង របស់ក្រសួងបានឲ្យដឹងថា “យើងនឹងប្រកាសវិធានការ សងសឹកនាពេលខាងមុខ ការស្តីបន្ទោសចំពោះការបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាមេរិក គឺស្ថិតនៅលើទីក្រុងវ៉ាស៊ីនតោនទាំងស្រុង”។
លោក Darchiev បានបន្ថែមថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន បានក្លាយទៅជាទម្លាប់ ហើយការសម្រេចចិត្តនាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងមន្ត្រីរុស្ស៊ី និងវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះ បង្ហាញថា សហរដ្ឋអាមេរិកបានរត់ចេញ ពីវិធានការរឹតត្បិតយ៉ាងច្បាស់។
លោកបានបន្ដថា “មិនមែនការវាយប្រហារឈ្លានពានតែមួយ ប្រឆាំងនឹងរុស្ស៊ីនឹងមិនឆ្លើយតបនោះទេ” លោកបានបន្ថែមថា នេះគ្រាន់តែបង្រួបបង្រួម ប្រជាជនរុស្ស៊ី ហើយបញ្ចប់ដោយ “ការបរាជ័យដ៏អាម៉ាស់” សម្រាប់សត្រូវ៕
ប្រែសម្រួល ឈូក បូរ៉ា