ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជេីញជាអធិបតី ប្រកាសចូលកាន់តំណែង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី

រតនគិរី៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី ។ 

នៅក្នុងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ទេរភារកិច្ចលោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី ទៅជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តស្វាយរៀង ជំនួសមកវិញដោយលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ មកជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី។

ថ្លែងនៅក្នុងពិធីប្រកាស ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី សម្តេចក្រឡាហោម បានដាក់ចេញនូវវិធានការចំពោះមុខចំនួន ៤ចំណុច សម្រាប់ក្រុមការងារអនុវត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ន ក្នុងការគាំទ្រដល់ដំណើរ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ប្រកបដោយចីរភាពរួមមាន៖

១.បន្តពង្រឹងសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ដោយត្រូវខិតខំពង្រឹងសមត្ថភាព ជំនាញរបស់កងកម្លាំងមានសមត្ថកិច្ចនានាក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ។

២.គាំទ្ររដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យពង្រឹងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យសម្រេចបាន លទ្ធផលតាមការរំពឹងទុក ។

៣.លើកកម្ពស់ការ អភិរក្សធនធានធម្មជាតិ ការការពារទ្រព្យសម្បត្តិសាធារណៈ ដោយពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បទល្មើសព្រៃឈើ ការរុករានដីព្រៃការពារ ដើម្បីកាន់កាប់ដោយខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទ។ ក្នុងការអនុវត្តវិធានការនេះ សម្តេចបានណែនាំអាជ្ញាធរពាក់ព័ន្ធមន្ត្រីច្បាប់ត្រូវដកខ្លួនចេញពី បទល្មើសនានា។

៤.ត្រូវខិតខំសម្របសម្រួល ដោះស្រាយជម្លោះនានា នៅមូលដ្ឋានពិសេសជម្លោះដីធ្លី ប្រកបដោយតម្លាភាព យុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់ និងរួមគ្នាលុបបំបាត់ការ ធ្វើអន្តរាគមន៍ជម្លោះនានាខុសពីតួនាទីនិងសមត្ថកិច្ច។ ដោយឡែកនៅព្រឹកថ្ងៃដដែល (១០ ខែមករា ឆ្នាំ២០២០) នាសាលមហោស្រពសម្តេចតេជោ ហ៊ុន សែនបានរៀបចំពិធីប្រកាស តែងតាំងប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី ដោយលោកជៀង អំរដ្ឋលេខាធិការក្រសួងការពារជាតិ ជំនួសព្រឹទ្ធាចារ្យប៊ូ ថងដែលទទួលមរណៈភាពកន្លងទៅ៕

To Top