ភ្នំពេញ ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញអ្នកវិនិយោគចិន ឲ្យមកធ្វើការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ ឲ្យកាន់តែមានភាពរីកចម្រើន ទៅមុខឥតឈប់ឈរ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រង្វាន់ ជ័យលាភី ក្នុងការប្រកួតប្រជែង តែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ លោក រាជ រ៉ា បានថ្លែងថា ការចាប់ផ្តើមចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន នឹងជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបើកច្រកទីផ្សារបន្ថែមទៀត សម្រាប់ទំនិញ និងសេវារបស់កម្ពុជា ដែលនេះជាគោលដៅយុទ្ធ សាស្រ្តនៃយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤។
លោកបន្តថា ការពង្រីកបាននូវទីផ្សារនាំចេញ ដែលមានលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ពីការពឹងផ្អែកតែទៅលើភាពអនុគ្រោះពន្ធ ដែលមានលក្ខណៈបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ នឹងជួយឲ្យរាជរដ្ឋាភិបាល អាចឈានទៅសម្រេចបានចក្ខុវិស័យ និងទទួលបានឋានៈ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
លោកបន្ថែមថា “ខ្ញុំសុំឲ្យចិនជួយជំរុញ អ្នកវិនិយោគចិន ឲ្យបានកាន់តែច្រើនបន្ថែមទៀត មកធ្វើការបណ្តាក់ទុននៅកម្ពុជា”។
លោកស្នើភាគីចិនជួយជំរុញ ដំណើរការនៃកិច្ចចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីរវាងកម្ពុជា-ចិន ឲ្យបានឆាប់ ព្រមទាំងបន្ថែមលើមុខទំនិញអង្ករ និងឲ្យចិន ជួយទិញផលិតផលកសិកម្មមួយចំនួន បន្ថែមទៀត ដូចជាៈ ផ្លែចេក ស្វាយ ដំឡូងមី មៀន ម្នាស់ ទុរេន ស្រកានាគ ម្រេច និងដូងជាដើម។
សូមបញ្ជាក់ថា ឆ្នាំ២០១៨ ទំហំវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់រហូតដល់ទៅ ៦ពាន់លានដុល្លារ។ ចំណែកទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០១៨ មានជាង ៧ពាន់លានដុល្លារ។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានជាង៦,៣០០លានដុល្លារ ហើយនៅឆ្នាំ២០១៩ រដ្ឋាភិបាលចិន ក៏បានផ្តល់កូតានាំអង្ករពីកម្ពុជា ចំនួន៤០ម៉ឺនតោន មានរោងចក្រជាង៧០០ ក្នុងចំណោមជាង១ពាន់រោងចក្រ ជារបស់ក្រុមហ៊ុនចិន ដែលបានផ្តល់ការងារ ឲ្យពលរដ្ឋខ្មែរ រាប់សិបម៉ឺននាក់ ៕ ដោយ៖ធី លីថូ