ព័ត៌មានអន្តរជាតិ

អាមេរិក​ ជឿជាក់ថា​ អ៊ីរ៉ង់ជាអ្នកបាញ់ យន្ដហោះអ៊ុយក្រែន​ ប៉ុន្ដែក្រុងតេអេរ៉ង់បដិសេធ

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ ជឿជាក់ថាយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង ដែលបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់​ ដែលបានសម្លាប់មនុស្សទាំងអស់ ១៧៦នាក់ នៅលើយន្តហោះនោះ ទំនងជាត្រូវបានបាញ់ទម្លាក់ ដោយចៃដន្យដោយកងកម្លាំងអ៊ីរ៉ង់។

មេដឹកនាំកាណាដា​ និងអង់គ្លេស​ ដែលមានសញ្ជាតិស្ថិតក្នុងចំណោមអ្នកស្លាប់នោះក៏បាន ចង្អុលបង្ហាញពីលទ្ធភាព​ ដែលមីស៊ីលបាញ់ពីលើអាកាសទៅអ៊ីរ៉ង់​ បានទម្លាក់យន្ដហោះ អ៊ែរឡាញអន្ដរជាតិអ៊ុយក្រែនកាលពីព្រឹក ថ្ងៃពុធកន្លងទៅនេះ។ 

 អ៊ីរ៉ង់បានបដិសេធភ្លាមៗ ចំពោះរបាយការណ៍នេះ​ ហេីយលោក Ali Abedzadeh ប្រធានអង្គការអាកាសចរណ៍ ស៊ីវិលរបស់ប្រទេស​ ដែលបាននិយាយទៅកាន់ ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ថា “តាមបែបវិទ្យាសាស្ត្រ វាមិនអាចទៅរួចទេ​ ដែលមីស៊ីលមួយបានហោះទៅបុក យន្តហោះអ៊ុយក្រែន” ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា អ៊ីរ៉ង់បានអញ្ជើញក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន ជាតិសហរដ្ឋអាមេរិក​ ចូលរួមក្នុងការស៊ើបអង្កេតរបស់ខ្លួនហើយអង្គភាព ស៊ើបអង្កេតគ្រោះថ្នាក់ បានយល់ព្រមចាត់តាំងអ្នកស៊ើបអង្កេតម្នាក់ ទៅចូលរួមផងដែរ៕

ដោយ​ ឈូក​ បូរ៉ា

To Top