ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីរ៉ង់៖ ទៅមិនរួចទេ ដែលយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ធ្លាក់ដោយសារមីស៊ីល

បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានច្រានចោលនូវមន្ទិលសង្ស័យ របស់មន្ត្រីស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ដែលថា យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលធ្លាក់នៅក្នុងសប្ដាហ៍នេះ គឺត្រូវបានបាញ់ទម្លាក់ ដោយមីស៊ីលអ៊ីរ៉ង់។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Ali Abedzadeh ជាប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បាននិយាយប្រាប់ទូរទស្សន៍ Press TV ថា តាមទស្សនៈបែបវិទ្យាសាស្ត្រ គឺវាមិនអាចទៅរួចនោះទេ ដែលមីស៊ីលវាយប្រហារ ចំយន្តហោះអ៊ុយក្រែននោះ។

គួរបញ្ជាក់ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ PS752 របស់អ៊ុយក្រែន ប្រភេទ Boeing 737-800 ដែលគ្រោះថ្នាក់ភ្លាមៗ បន្ទាប់ពីហោះហើរចេញ ពីអាកាសយានដ្ឋានក្នុងទីក្រុងតេអេរ៉ង់ កាលពីព្រឹកថ្ងៃពុធ សម្លាប់មនុស្សចំនួន១៧៦នាក់ ដែលភាគច្រើន គឺជាប្រជាជនអ៊ីរ៉ង់និងកាណាដា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top