ព័ត៌មានជាតិ

TYDA ចុះអនុស្សារណៈ យោគយល់ ជាមួយអង្គការ មូលនិធិនគរទេព

ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ចូលរួមនៅក្នុងពិធីចុះ អនុស្សារណៈយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

លោក សូមថ្លែងអរគុណចំពោះអង្គការ មូលនិធិនគរទេព ដែលចុះអនុស្សារណៈយោគយល់ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។

លោកបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) និងអង្គការមូលនិធិនគរទេព មានបេសកកម្ម ស្រដៀងគ្នា ក្នុងជួយសង្គ្រោះ ជីវិតមនុស្ស តាមរយៈការផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ។ ជាក់ស្ដែងយើងបានរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការ រៀបចំមន្ទីរ ពេទ្យហ្លួងម៉ែ ដើម្បីសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ ការផ្ដល់ការគាំទ្រ នេះ បានធ្វើឱ្យស្ថានភាព ពេលបច្ចុប្បន្ននេះ ខុសប្លែកពីស្ថានភាព កាលពីឆ្នាំកន្លងទៅធ្វើឱ្យប្រជាពលរដ្ឋ រីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមិនមានភាពភ័យខ្លាច នឹងជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកបណ្ឌិត បន្ថែមថា សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចជោ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការ មនុស្សធម៌ ដើម្បីបុព្វហេតុ ជួយដល់ប្រជាពលរដ្ឋ
១- ការផ្ដល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋ តាមរយៈការព្យាបាល ឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្ត នៅរាជធានីភ្នំពេញក្រោមការ ឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។

មិនតែប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំង ស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាព មនុស្សធម៌ដើម្បីបុព្វហេតុ សង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋ ដែលគិតថ្លៃនៅទូទាំងប្រទេស ។ ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញបច្ចេកទេស ព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យ សុខាភិបាលនៅកម្ពុជា ។

លោកបន្ថែមថា អ្វីៗ ដែលយើងបាន នឹងកំពុងធ្វើនេះ គឺមិនមែនធ្វើ ដើម្បីបង្ហាញនោះទេ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះថាការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ គឺជាការប្រយុទ្ធប្រឆាំង សត្រូវដែលគ្មានរូបរាង យើងខិត ខំជម្នះគ្រប់ឧបសគ្គ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ ហើយយើងសង្ឃឹមថានឹងយកជ័យជំនះ ហើយស្ថានភាពល្អប្រសើរនឹង វិលមកវិញក្នុងរយៈពេលឆាប់ៗ ខាងមុខនេះ៕

To Top