គៀវ៖ ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបានទទូចថា ទីក្រុងកំពង់ផែ Mariupol ដែលកំពុងរងការវាយលុក “កំពុងបន្ត” បើទោះបីជាមានកំណត់ដែលកំណត់ដោយរុស្ស៊ី សម្រាប់អ្នកប្រយុទ្ធ ដើម្បីចុះចាញ់ ឬប្រឈមមុខនឹងការបញ្ចប់ដ៏ជូរចត់ក៏ដោយ។
លោក Oleksiy Arestovych បានឲ្យដឹងថ្ងៃពុធថា “ការប្រយុទ្ធកំពុងដំណើរការនៅក្នុងតំបន់ជុំវិញរោងចក្រ Azovstal” ថ្ងៃផុតកំណត់បានកន្លងផុតទៅ ដោយសំដៅទៅលើរោងចក្រដែកដ៏ធំ ដែលកងកម្លាំងអ៊ុយក្រែន និងជនស៊ីវិលកំពុងជាប់គាំង។
មេបញ្ជាការម្នាក់នៅទីនោះបានប្រាប់កាសែត Washington Post មួយថ្ងៃមុននេះថា “យើងនឹងមិនដាក់អាវុធរបស់យើងទេ”។ លោកបានព្រមានថា កងទ័ពរបស់លោកអាចនឹងប្រឈមមុខនឹងថ្ងៃចុងក្រោយរបស់យើង”។
ទីក្រុងមូស្គូ បានស្វែងរកការចាប់យកទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រនេះ អស់រយៈពេលជាច្រើនសប្តាហ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ស្ថានភាពនៅទីក្រុង Mariupol នៅតែ “ធ្ងន់ធ្ងរ” ហើយក្រុមមន្ត្រីបានឲ្យដឹងថា ការជម្លៀសនឹងត្រូវព្យាយាមនៅថ្ងៃពុធ តាមរយៈច្រករបៀងមនុស្សធម៌ដែលបានព្រមព្រៀងគ្នាសម្រាប់ស្ត្រី កុមារ និងមនុស្សចាស់។
ជនភៀសខ្លួនជាង ៥លាននាក់ឥឡូវនេះបានភៀសខ្លួនចេញពីអ៊ុយក្រែន នេះបើយោងតាមអង្គការសហប្រជាជាតិ។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានមកដល់ទីក្រុងគៀវ ដែលជាមន្ត្រីអឺរ៉ុបចុងក្រោយបង្អស់ដែលមកបំពេញទស្សនកិច្ចនៅប្រទេសនេះ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងប្រកាសអំពីជំនួយយោធាបន្ថែមចំនួន ៨០០លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នេះបើតាមមន្ត្រីម្នាក់ដែលដឹងពីការសម្រេចចិត្តបាននិយាយថា។ អ៊ុយក្រែនក៏កំពុងទទួលបានយន្តហោះចម្បាំងពីប្រទេសជាច្រើនផងដែរ នេះបើយោងតាមមន្ទីរបញ្ចកោណ។
នៅពេលដែលរុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួន ដើម្បីដណ្តើមយកភាគខាងកើតអ៊ុយក្រែន អ្នកយុទ្ធសាស្រ្តលោកខាងលិចបានលើកឡើងថា អ៊ុយក្រែន ហាក់ដូចជាកំពុងចាប់ផ្តើម “ការវាយប្រហារបំផ្លិចបំផ្លាញ” ក្នុងស្រុកក្នុងក្តីសង្ឃឹមថា នឹងរំខានដល់ការវាយលុកដ៏ទូលំទូលាយរបស់វិមានក្រឹមឡាំង។
ក្រុមមន្ត្រីបានឲ្យដឹងថា ការប្រយុទ្ធគ្នាកំពុងដំណើរការនៅក្នុងទីក្រុង Kharkiv និង Donetsk ខណៈដែលអភិបាលក្រុង Luhansk បានព្រមានថាស្ថានភាពនៅទីនោះ “កាន់តែអាក្រក់រាល់ម៉ោង” ខណៈដែលលោកបានអំពាវនាវឱ្យអ្នកស្រុកជម្លៀសចេញ៕
ប្រែសម្រួល ឈូក បូរ៉ា