ព័ត៌មានអន្តរជាតិ

លោក ត្រាំថា មេបញ្ជាការកំពូលអ៊ីរ៉ង់ លោក Soleimani មានផែនការវាយប្រហារ ស្ថានទូតអាមេរិកចំនួន ៤ នៅតំបន់មជ្ឈឹមបូព៌ា

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Fox News បាននិយាយថា មេបញ្ជាការកំពូលអ៊ីរ៉ង់ លោក Qasem Soleimani បានរៀបចំផែនការ វាយប្រហារលើស្ថានទូតអាមេរិកចំនួន ៤ នៅតំបន់មជ្ឈឹមបូព៌ា មុនពេលដែលឧត្តមសេនីយ៍រូបនេះ ត្រូវបានធ្វើឃាត ដោយកងកម្លាំងអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលសួរ ថាតើការវាយប្រហារទ្រង់ទ្រាយធំ ត្រូវបានគេគ្រោងធ្វើ ប្រឆាំងនឹងស្ថានទូតដទៃទៀតដែរឬទេ លោកបានប្រាប់ថា “ខ្ញុំអាចបង្ហាញថា ខ្ញុំជឿថា វាប្រហែលជាស្ថានទូតចំនួន០៤” ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់ លោក Soleimani ដើម្បីបញ្ឈប់ផែនការរបស់អ៊ីរ៉ង់ ដើម្បីបំផ្ទុះគ្រាប់បែក នៅស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ ។

ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅពេលក្រោយថា សហរដ្ឋអាមេរិកគ្មានព័ត៌មាន អំពីកាលបរិច្ឆេទនិងទីកន្លែងនៃការវាយប្រហារ ដែលបានគ្រោងទុកដោយឧត្តមសេនីយ៍ Qasem Soleimani ដែលត្រូវបានគេធ្វើឃាតនោះទេ។ ប៉ុន្តែលោក Pompeo នៅតែទទូចថា Qasem Soleimani នឹងធ្វើការវាយប្រហារ ដែលជិតមកដល់។

សូមជម្រាបថា កាលពីថ្ងៃទី ៣ ខែមករា ប្រធានកងកម្លាំងពិសេស Quds របស់អង្គភាព ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានសម្លាប់ នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad ក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក តាមបញ្ជារបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោក Soleimani មានផែនការ វាយប្រហារបុគ្គលិកអាមេរិក ហើយថា តាមរយៈការសម្លាប់ មេបញ្ជាការកំពូលអ៊ីរ៉ង់រូបនេះ គឺ “ជីវិតជាច្រើនត្រូវបានសង្គ្រោះ” ។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានសងសឹក ចំពោះការសម្លាប់មេបញ្ជាការកំពូលរបស់ខ្លួន ជាមួយនឹងការវាយប្រហារ ដោយមីស៊ីលរាប់សិបគ្រាប់ ដែលបានតម្រង់គោលដៅ ទៅលើយោធាអាមេរិកនៅអ៊ីរ៉ាក់។ ការវាយប្រហារនេះ ត្រូវបានគេដាក់ឈ្មោះថា ប្រតិបត្ដិការ Martyr Soleimani និងបានវាយប្រហារមូលដ្ឋានទ័ពអាកាស Ayn al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ និងឃ្លាំងដាក់យន្តហោះអាមេរិក នៅទីក្រុង Erbil ។ យោងតាមរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនបានឱ្យដឹងថា គ្មានបុគ្គលិកអាមេរិកណាម្នាក់ រងរបួសនៅក្នុងការវាយប្រហារនេះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top