ព័ត៌មានអន្តរជាតិ

Update: កងកម្លាំងអ៊ីរ៉ង់ថា ខ្លួនបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែន ស្មានថាជា យន្តហោះចម្បាំងសត្រូវ

តេហេរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ បានដកស្រង់សម្តីយោធាអ៊ីរ៉ង់ ដែលបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះ ដឹកអ្នកដំណើរអ៊ុយក្រែន កាលពីថ្ងៃពុធ ដែលក្នុងនោះអ្នកដំណើរ និងសមាជិកនាវិកទាំងអស់ ១៧៦ នាក់ត្រូវបានសម្លាប់។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា ពួកគេបានច្រឡំយន្ដហោះអ៊ុយក្រែននោះ ថាជាយន្ដហោះរបស់សត្រូវ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅលើបណ្តាញសង្គមធ្វីតធឺថា អ៊ីរ៉ង់“ សោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសដ៏មហន្តរាយនេះ” និងសូមចូលរួមរំលែកទុក្ខ។

លោកក៏បានសរសេរទៀតថា អ៊ីរ៉ង់នឹងបន្តការស៊ើបអង្កេតដើម្បី “កំណត់អត្តសញ្ញាណ និងកាត់ទោសចំពោះសោកនាដកម្មនេះ” ។

ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ក៏បាននិយាយ នៅលើបណ្តាញសង្គម Twitter ថា“ កំហុសរបស់មនុស្សនៅពេលមានវិបត្តិ ដែលបណ្តាលមកពី ការផ្សងព្រេងរបស់អាមេរិក នាំឱ្យមានគ្រោះមហន្តរាយ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top