ព័ត៌មានអន្តរជាតិ

តាមពិតអាមេរិកមានផែនការ សម្លាប់យោធាជាន់ខ្ពស់មួយរូបទៀត របស់អ៊ីរ៉ង់ថ្ងៃតែមួយ តែបរាជ័យ

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសៅរ៍ទី១១ ខែមករានេះ បានឲ្យដឹងថា
នៅយប់ថ្ងៃដដែល យោធាអាមេរិកបានវាយប្រហារ សម្លាប់បានមេទ័បកំពូលអ៊ីរ៉ង់ លោក Qasem Soleimani ជាក់ស្តែងអាមេរិក ក៏មានគោលដៅ សម្លាប់មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ទៀត នៅយេម៉ែនដែរ តែបរាជ័យ។

ទោះបីជាយ៉ាងណាក្តី ប្រភពព័ត៌មានទាំងនោះ មិនបានផ្តល់ព័ត៌មានលម្អិត អំពីបេសកកម្ម ឬថាតើសហរដ្ឋអាមេរិក បានអនុវត្តដោយរបៀបណាទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ទូរទស្សន៍ CNN អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Rebecca Rebarich បានទទួលស្គាល់អំពីរបាយការណ៍នេះ ប៉ុន្តែបានបដិសេធ មិនផ្តល់ព័ត៌មានបន្ថែមទេ។

តាមប្រភពព័ត៌មានដដែល បានអះអាងទៀតថា គោលដៅដែលជាមន្ត្រីយោធា ជាន់ខ្ពស់មួយរូបទៀតរបស់អ៊ីរ៉ង់នោះ គឺមានឈ្មោះថា Abdul Reza Shahlai មានតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុផង និងជាមេបញ្ជាការដ៏សំខាន់ម្នាក់ នៃកងកម្លាំងអ៊ីរ៉ង់ Quds Force ដែលជាកងកម្លាំងរបស់អ៊ីរ៉ង់ ប្រចាំនៅក្នុងតំបន់មជ្ឈឹមបូព៌ា៕

ប្រែសម្រួល៖ស៊ុនលី

To Top