ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ស្នើរដ្ឋបាលលោក ត្រាំ ឲ្យចាប់ផ្តើមរៀបចំ ដកទ័ពអាមេរិក

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក  Adel Abdul Mahdi តាមសេចក្តីរាយការណ៍ មានបំណងចង់ឲ្យរដ្ឋមន្ត្រីការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជូនក្រុមទៅប្រទេសអ៊ីរ៉ាក់ និងបង្កើតផែនការរៀបចំដកកងទ័ពអាមេរិក ចេញពីប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ 

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយប្រាប់ថា លោក  Adel Abdul Mahdi បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនាពេលថ្មីៗនេះ ឲ្យបញ្ជូនគណៈប្រតិភូមួយក្រុម ដើម្បីដាក់យន្តការសម្រាប់ការដកកងទ័ពដោយសុវត្ថិភាព ចេញពីប្រទេសអ៊ីរ៉ាក់ ជាទីដែលយោធាអាមេរិកមានវត្តមាន អស់រយៈពេលជាង១៥ឆ្នាំមកហើយ។ 

នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនោះផងដែរ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានច្រានចោលរាល់ប្រតិបត្តិការទាំងអស់ ដែលបំពានអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់ រួមបញ្ចូលទាំងការវាយប្រហារ ដោយមីស៊ីលអ៊ីរ៉ង់ កាលពីថ្ងៃពុធ ទៅលើមូលដ្ឋានយោធាអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ផង៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top