ព័ត៌មានអន្តរជាតិ

ទីក្រុងវ៉ាស៊ីនតោន ច្រានចោលសំណើអ៊ីរ៉ាក់ សុំឲ្យដកទ័ព

បរទេស៖ទីក្រុងវ៉ាស៊ីនតោន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានច្រានចោលសំណើអ៊ីរ៉ាក់ ដែលសុំឲ្យត្រៀមរៀបចំដកកងទ័ពអាមេរិក ស្របពេលមានភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កើនឡើងខ្លាំង ក្រោយអាមេរិកសម្លាប់មេបញ្ជាការអ៊ីរ៉ង់មួយរូប នៅក្នុងទីក្រុងបាដាដ និងបាននិយាយថា ខ្លួនកំពុងតែស្វះស្វែងពង្រីកវត្តមានណាតូ នៅទីនោះ។ 

ដោយស្វះស្វែងរឹតបន្តឹងដាក់សម្ពាធលើសត្រូវរបស់ខ្លួន សហរដ្ឋអាមេរិក នៅក្នុងពេលទន្ទឹមគ្នានេះដែរ ក៏បានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបចំពោះ ការវាយប្រហារមួយ ទៅលើកងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ធ្វើឡើងដោយទីក្រុងតេអេរ៉ង់ សងសឹកចំពោះការសម្លាប់នាយឧត្តមសេនីយ៍ លោក Qassem Soleimani។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi បានបង្កើតសំណើឲ្យត្រៀមរៀបចំដកកងទទ័ពសហរដ្ឋអាមេរិក នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃព្រហស្បតិ៍ ស្របទៅតាមការបោះឆ្នោតក្នុងរដ្ឋសភាអ៊ីរ៉ាក់ កាលពីថ្ងៃពុធសប្ដាហ៍មុន៕  

ប្រែសម្រួល៖ប៉ាង កុង 

To Top