ប្រែសម្រួលៈ ណៃ តុលា
បរទេស៖ យោងតាមរបាយការណ៍ចេញផ្សាយ នៅថ្ងៃសុក្រដោយមូលនិធិ Mirror ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយដល់គ្រួសារដែលមានកុមារបាត់ខ្លួន បានឱ្យដឹងថា ក្មេងសរុបចំនួន ២៤៤ នាក់នៅក្នុងប្រទេសថៃបានបាត់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងចំនួនក្មេងស្រីដែលបាត់ខ្លួនមានចំនួន ៥០ ភាគរយខ្ពស់ជាងក្មេងប្រុស។ បើតាមរបាយការណ៍ ការបាត់ខ្លួននេះ គឺបណ្តាលមកពីកត្តាជាច្រើនដូចជា ការរត់ចេញពីផ្ទះដោយស្ម័គ្រចិត្តដើម្បីគេចចេញពីអំពើហិង្សាក្នុងគ្រួសារ ការចាប់ពង្រត់ និងការភៀសខ្លួនទៅស្នាក់នៅជាមួយក្មេងប្រុសឬសង្សារ ជាដើម។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមពួកគេដែលបាត់ខ្លួននោះ គឺ ៩៩ នាក់ជាក្មេងប្រុស និង ១៤៥ នាក់ជាក្មេងស្រី ហើយមានតែ ១៩៣ នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញ។
ប្រធានមូលនិធិគឺលោក Eaklak Loomchomkhae បាននិយាយថា ទោះបីចំនួនកុមារដែលបានបាត់ខ្លួន បានថយចុះបន្តិចម្តង ៗ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះក៏ដោយ ក៏វានៅតែជាតួលេខគួរឱ្យព្រួយបារម្ភដដែល។ មូលនិធិបានរាយការណ៍ថា កុមារសរុប ៣២១ នាក់ និង ៤២២ នាក់បានបាត់ខ្លួននៅក្នុងឆ្នាំ ២០១៨ និង ២០១៧ ។
លោក Eaklak បន្តថា “ ចំនួនថយចុះប្រហែលជាបណ្តាលមកពីការផ្លាស់ប្តូរផ្នែកប្រជាសាស្ត្រ។ ចំនួនកុមារដែលបាត់ខ្លួននៅក្នុងប្រទេសថៃ កំពុងថយចុះដោយសារតែអត្រា ផ្តល់កំណើតទាប ប៉ុន្តែបញ្ហានៅតែមាននៅឡើយ។
យោងតាមរបាយការណ៍ បានបង្ហាញថា កុមារដែលបាត់ខ្លួន ៧៤ ភាគរយបានរត់ចេញពីផ្ទះដោយស្ម័គ្រចិត្តដើម្បីគេចចេញពីអំពើហិង្សាក្នុងគ្រួសារ , ១២ ភាគរយត្រូវបានចាប់ពង្រត់ និងខ្លះទៀតបានភៀសខ្លួនទៅស្នាក់នៅជាមួយក្មេងប្រុស ឬសង្សាររបស់ពួកគេ ឬជាការឆ្លើយតបនឹងការអញ្ជើញ ពីអ្នកដែលពួកគេរាប់អានតាមរយៈប្រព័ន្ធអ៊ីនធឺណិត។
កុមារដែលបាត់ខ្លួនច្រើនតែមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ ហើយដើម្បីការពារការចាប់ពង្រត់កុមារលោក Eaklak Loomchomkhae បានណែនាំថា ឪពុកម្តាយត្រូវបង្រៀនកូន ៗ របស់ពួកគេកុំនិយាយជាមួយមនុស្សចម្លែក៕
ប្រែសម្រួលៈ ណៃ តុលា