ព័ត៌មានអន្តរជាតិ

ឆ្មាំសមុទ្រចិន និងវៀតណាម ធ្វើការល្បាតរួមគ្នា ក្នុងដែនទឹកឈូងសមុទ្រ Beibu

ប៉េកាំង ៖ យោងតាមឆ្មាំឆ្នេរសមុទ្រចិន (CCG) បានឱ្យដឹងថា ឆ្មាំឆ្នេរ សមុទ្រចិន និងវៀតណាម បានធ្វើការល្បាតរួមគ្នា ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងដែនទឹកឈូងសមុទ្រ Beibu នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

វាគឺជាការល្បាតរួមគ្នាលើកទី២៣ ដោយកងកម្លាំងអនុវត្តច្បាប់ ដែនសមុទ្រនៃប្រទេសទាំងពីរ នៅក្នុងដែនទឹកឈូងសមុទ្រ Beibu ចាប់តាំងពីឆ្នាំ២០០៦ និងជាលើកដំបូងក្នុងឆ្នាំនេះ ។

ប្រភពពី CCG បានឲ្យដឹងថា នាវាឆ្មាំឆ្នេរសមុទ្រចិន និងវៀតណាម បានធ្វើការល្បាត ដោយផ្អែកលើផែនការ និងផ្លូវដែលបានបង្កើតឡើង ហើយបានរៀបចំសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា ។

ភាគីទាំងពីរក៏បានប្តេជ្ញា ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើការអនុវត្តច្បាប់ដែនសមុទ្រ ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារសន្តិសុខ និងស្ថិរភាព នៅក្នុងដែនទឹកឈូងសមុទ្រ Beibu ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top