ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់អ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣ ថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារមូលហេតុជាច្រើន ដូចជា៖ កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព ព្រមទាំងមានច្បាប់វិនិយោគ ។
ក្នុងឱកាសអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៣ ដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលជួបពិភាក្សាការងារ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុ ទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ ,ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ ,ទី៣-កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រង ច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ ,ទី៤-កម្ពុជា មិនតម្រូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា គឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឲ្យបុគ្គលិក និងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យអ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូ ធ្វើការស្វែងយល់បន្ថែមទៀតពីលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា។
នាឱកាសនោះដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី បានលើកឡើងថា អាជីវកម្មរបស់ក្រុមហ៊ុនខាងលើ រួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ាបន្ដថា ក្រុមហ៊ុននឹងស្វែងយល់អំពីបរិយាកាស វិនិយោគនៅកម្ពុជា ៕